ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះបានឱ្យដឹងថា ស្រ្តីម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀននៅស្រុកសំពៅលូនត្រូវបានកម្លាំងនគរបាលស្រុកធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្ដែង។
របាយការណ៍ដដែលបន្តថា ប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ ញ៉ាន សុឃួន ហៅ ង៉ិ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូនបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ហើយបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនស្រ្តីម្នាក់ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចកេីតហេតុខាងលេី។
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន១៥០គ្រាប់ ទម្ងន់ ១៥,០៣ក្រាម
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។
បច្ចុប្បន្នជនសង័្សយរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមច្បាប់៕
ដោយ៖សហការី