ខ្សែបម្រើ Paul Pogba របស់ក្រុម Juventus និងជាជម្រើសជាតិបារាំងមានការសង្ស័យសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា នៅចុងឆ្នាំនេះបន្ទាប់ពីវះកាត់ជង្គង់។
Pogba វ័យ២៩ឆ្នាំបានរងរបួសកាលពីខែកក្កដា ហើយមិនទាន់បានលេងនៅរដូវកាលនេះ ខណៈដែលការ ប្រកួត World Cup លើក ដំបូង របស់ បារាំង ត្រូវ ប៉ះ អូស្ត្រាលី នៅ ថ្ងៃ ទី ២២ វិច្ឆិកាខាងមុខ។
លោក Massimiliano Allegri គ្រូបង្វឹកក្រុម Juventus បាននិយាយថា “Pogba បានហ្វឹកហាត់ជាលើកទីពីរ ប៉ុន្តែបន្ទាប់មកបានឈប់ ហើយវាត្រូវបានសម្រេចចិត្តថាគាត់ធ្វើការវះកាត់។ យើង នឹង យក គាត់ មក វិញ យ៉ាង ប្រាកដ ក្នុង ខែ មករា”។ ក្លិបJuventus បានប្រកាសថា ការវះកាត់ និងការជ្រើសរើសហ្វឹកហាត់ខាងក្រៅគឺជាជម្រើសល្អ។
រដូវកាល Serie A នឹងផ្អាកបន្ទាប់ពីការប្រកួតនៅថ្ងៃទី១៣ ខែវិច្ឆិកាសម្រាប់ត្រៀមឲ្យកីឡាករបំពេញកាតព្វកិច្ចប្រកួត World Cup រដូវរងារដំបូង ហើយចាប់ផ្តើមម្តងទៀតនៅខែមករា។
នៅពេលសួរថា តើ Pogba នឹងត្រៀមខ្លួនសម្រាប់ការការពារ World Cup របស់បារាំងឬអត់? លោក Allegri បានបន្ថែមថា“World Cup មិនមែនជាបញ្ហារបស់ខ្ញុំទេ បញ្ហារបស់ Juventus គឺគាត់ត្រលប់មកវិញនៅខែមករា”។
Pogba បានចូលរួមជាមួយក្រុម Serie A វិញនៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United បានផុតកំណត់។ គាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៤–១ លើក្រូអាតក្នុងឆ្នាំ២០១៨ ខណៈដែលបារាំងបានឈ្នះជើងឯក World Cup ជាលើកទី២ ៕ (រូបភាព ៖ BBC Sport)