ភ្នំពេញ៖ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច និងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌បវរកញ្ញាពិភពលោក (Miss Global 2015) ៤រូប បានចាកចេញពីកម្ពុជាហើយ។ ជាមួយគ្នានេះកាលពីព្រឹកថ្ងៃទី១៦ឧសភានេះ សមាគមសិល្បករខ្មែរបានរៀបចំកម្មវិធីប្រគល់ថវិការប្រមាណ៧០ភាគរយ ដែលបានមកពីកម្មវីធីខាងលើជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបន្ទាប់ពីការប្រគល់ថវការ៣០ភាគរយជូនដល់មន្ទីរពេទ្យកុមារអង្គររួចមក។
វត្តមានតារានិងសប្បុរជននាឱកាសនោះរួមមានព្រះអង្គនី សុវណ្ណមុនីរ៉េត លោកសុះ ម៉ាច នាយឃ្លោក អ្នកស្រីចាន់ តារាទី អ្នកនាងស៊ុន ណារីម៉ូនីកា លោកអ៊ឹម ជីវ៉ា លោកជា ណូបូ លោកមាស សារិទ្ឋ លោកឃ្វីន អ្នកស្រីត្រឡុង កាណារ៉ូ លោកលាង ឧត្តម លោកសោភ័ណ្ឌតន្រ្តីនិងសិល្បករមួយចំនួនទៀតផងដែរ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបញ្ជាក់ថា លោកធ្លាប់សន្យាគ្រាដែលបានយកថវិកាពីអតីតតារាសម្តែងស៊ុក សុភា និងភរិយា ចូលដល់មន្ទីរពេទ្យគន្ឋបុប្ជា១ម៉ឺនដុល្លារកន្លងទៅលោកបានតាំងចិត្តថានឹងធ្វើពិធីមនុស្សធម៌តាមរយៈការប្រគំតន្រ្តីតែពេលនេះយើងបានសម្រេចផែនការយើងជាស្ថាពរ។ លោកបន្តថា មិនថាតែរូបលោកនោះទេពោលសិល្បករសិល្បការិនីទាំងអស់តែងតែមានចិត្តជួយដល់មន្ទីរពេទ្យគន្ធបុប្ជាទៅតាមលទ្ធភាព។ ស្របពេលជាមួយគ្នានេះក៏មានការចូលរួមពីបរវរកញ្ញាពិភពលោកមកទស្សនកិច្ចកម្ពុជាក៏បានរំលេចកម្មវិធីប្រគំតន្ត្រីឡើងគ្រាដែលពួកគេទាំងអស់នោះពេញចិត្តជាមួយដល់កុមារកម្ពុជា។ លោកបញ្ជាក់ថា ចំពោះថវិកាដែលមានពេលនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមចំនួន១៥លានរៀលផងដែរ។ លោកបញ្ជាក់ថា ថវិកាបានពីឱកាសប្រគុំតន្ត្រីយើងបានបែងចែកជា២ ជួយដល់ពីមន្ទីរពេទ្យ គន្ធបុប្ជា៧០ភាគរយ និងជូនមន្ទីរពេទ្យកុមារអង្គរ៣០ភាគរយ។លោកបញ្ជាក់ថា ថវិការសរុបទាំងអស់ដែលប្រគល់ជូនមន្ទីរពេទ្យពេលនេះជាប្រាក់ខ្មែរមានចំនួនជាង៣៥លានរៀល និងប្រាក់ដុល្លារចំនួនជាង៧ពាន់ដុ្លដុល្លារអាមេរិក ដែលសម្រេចជូនមន្ទីរពេទ្យជាផ្លូវការដើម្បីបង្ហាញឲ្យបណ្តាសប្បុរជនដឹងជាទូទៅ។
តំណាងមន្ទីរពេទ្យគន្ធបុប្ជានៃរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរដែលបានរៀបចំការប្រគំតន្ត្រីហើយមានទាំងបរវរកញ្ញាលំដាប់ពិភពលោកដើម្បីបង្ហាញទឹកចិត្តជួយដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយើង។ ថវិកាដែលបាននេះយើងនឹងចាត់ចែងជាបន្តទៀតសម្រាប់ថ្លៃទិញរបស់របរប្រើប្រាស់ទាក់ទិននិងសុខភាពជួយដល់ក្មេងៗដែលជាទំពាំងស្នងឫស្សី។មន្ទីរពេទ្យយើងនៅតែត្រូវការថវិកាជាបន្តទៀតដើម្បីប្រើនិងជួយក្មេងៗដោយយើងពិតជាត្រូវការជំនួយបន្តហើយរំភើបចិត្តដោយឃើញបងប្អូនគ្រប់មជ្ឈដ្ឋានមានសន្តានចិត្តជួយខាងមន្ទីរពេទ្យស្ទើរតែគ្រប់ៗគ្នានេះបង្ហាញពីទឹកចិត្តជួយគ្នាខ្លាំងណាស់។
គួរំលឹកដែរថា សិល្បករខ្មែរមានលោក អ៊ុក ណារីម, អ្នកនាង ឆោម ឆពុំ, អ្នកនាង ម៉េង កែវពេជ្ជតា, លោក រ័ត្ន មករា, អ្នកនាង ហ៊ឹម ស៊ីវន, លោក ហួរ ឡាវី និងកញ្ញា មាស សុខសោភា និងបវរកញ្ញាពិភពលោក(Miss Global International 2015) បានបង្កើតទស្សនីភាពដ៏ទាក់ទាញមួយក្នុងកម្មវិធី ប្រគុំតន្ត្រីលក់សំបុត្រ នៅសាលចតុមុខ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី៨ ឧសភា។
គួរបញ្ជាក់ដែរថា មន្ទីរពេទ្យកុមារអង្គរបានផ្តល់សេវា ពិនិត្យព្យាបាលជំងឺកុមារពីអាយុពីពេលកើតរហូតដល់១៦ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៩ ដែលជាមធ្យមមានកុមារជាង៥០០នាក់មកពីខេត្តផ្សេងៗនៅកម្ពុជាមកពិនិត្យ ព្យាបាលនឹងថែទាំជារៀងរាល់ថ្ងៃ។ ក្រៅពីនេះមន្ទីរពេទ្យនេះមានសេវាសង្រ្គោះ២៤ម៉ោង រួមទាំងការវះកាត់តូចធំ វះកាត់ភ្នែក បេះដូង ផងដែរ។ មកដល់សព្វថ្ងៃនេះ មន្ទីរពេទ្យកុមារអង្គរបានទទួលការព្យាបាលប្រមាណជាង ១លាន ៥សែន ករណីដែលកើតឡើងចំពោះកុមារកម្ពុជា ជាពិសេសកុមារមកពីតាមជនបទ និងក្រីក្រ។
នៅក្នុងឆ្នាំ២០១៦នេះ មន្ទីរពេទ្យកុមារអង្គរ មានគម្រោងថវិកា ចំណាយលើការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ ប្រមាណជាង ៧លាន ១សែនដុល្លារ ដែលថវិកាទាំងនោះ មួយភាគធំ បានមកពីជំនួយ របស់សប្បុរសជន នៅបរទេស ដូចជាប្រទេសសិង្ហបុរី ហុងកុង អង់គ្លេស ជប៉ុន សហរដ្ឋអាមេរិក អ៊ីតាលី ម៉ាឡេស៊ី និង អាល្លឺម៉ង់ជាដើម។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាវិញធ្លាប់ប្រកាសដែរថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យនេះ បានចំណាយថវិកាប្រមាណជាង៤០លានដុល្លារដើម្បីពិនិត្យ និងព្យាបាលជំងឺដល់កុមារកម្ពុជាជិត១លាននាក់។
ក្រៅពីកុមារមានជំងឺ និងត្រូវបានព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅក៏មានការវះកាត់បេះដូង និងប្រព័ន្ធប្រសាទខួរក្បាល ផ្នែកសម្ភព ពិនិត្យតាមដានផ្ទៃពោះជាដើម។ ថវិការជំនួយបានមកពីភាគីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វ៊ីស និងថវិកាដែលប្រមូលបានមូលនិធិសប្បុរសជន៕
ដោយ៖ វឌ្ឍនា