បុរសម្នាក់ជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកឱ្យដួលបែកក្បាលហូរឈាមស្រោចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនថ្នាក់ដឹកនាំ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមកបុកពេញទំហឹង បណ្ដាលឱ្យដួលទៅលើដី បែកក្បាលហូរឈាមស្រោចពេញមុខ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ  កា​ សី ភេទប្រុស អាយុ៦០ឆ្នាំ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបែកក្បាលហូរឈាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ។ ចំណែកអ្នកបើកម៉ូតូសណ្ដោងរុឺម៉កបង្ក ហេតុមានឈ្មោះ ជៀន ផន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់រុីម៉កម៉ូតូ មានស្រុកកំណើតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ លោកកា សី កំពុងដាក់គោលដៅឈរការពារក្បួនថ្នាក់ដឹកនាំនៅចំណុចផ្លូវ៦០ម៉ែត្រ។ លុះក្បួនចេញផុតបានបន្តិចស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1Fl-1412 បើកបរដោយបុរសម្នាក់ពីត្បូងទៅជើងតាមផ្លូវ៦០ម៉ែត្រដោយមកតាមកន្ទុយក្បួនក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកមន្ត្រីកងរាជអាវុធហត្ថនិងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោពេញទំហឹងបណ្ដាលឱ្យដួលទៅលើថ្នល់បែកក្បាលហូរឈាមស្រោចពេញមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ  ។
ក្នុងករណីនេះដែរ ដោយមានការសន្តោសប្រណីពីលោកឧត្តមសេនីយ៍ឯក  រ័ត្ន ស្រ៊ាង  មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចមិនយកទោសពៃរ៍ពីអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនេះទេ ដោយសូមត្រឹមតែឱ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កនោះ សុំទោសជាសាធារណៈចំពោះកងកម្លាំងដែលរងរបួស ហើយណែនាំកុំឱ្យបើកបរបែបនេះបន្តទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ។ ចំណែកថ្លៃថ្នាំ និងថ្លៃព្យាបាលនោះគឺលោកជាអ្នករ៉ាប់រងជូនកងកម្លាំងដែលរងរបួស ដោយបុរសនោះ ក៏បានសូមទោសជាសាធារណៈ នៅចំពោះមុខលោកវរសេនីយ៍ឯក ស សុភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ និងថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯករត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមិនយកទោសពៃរ៍ពីខ្លួន ហើយជួយចេញថ្លៃថ្នាំ​និងថ្លៃព្យាបាលជំនួសគាត់ថែមទៀតផង ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print