ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក អ៉ឹម វណ្ណៈ នៅព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ កែវ ណារុន ភេទប្រុសអាយុ៥៩ឆ្នាំ អតីតប្រធានការិយាល័យនគរបាលអន្តរាគមន៍ ខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារចំនួន៣ឆ្នាំ៦ខែ ពិន័យ៥លានរៀលបង់ចូលថវិការដ្ឋ ពីបទ បំផ្លាញ និងគៃបំបាត់ ហ៊ុំព័ទ្ធ កាន់កាប់ព្រៃលិចទឹក និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅ ព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ដ្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។
សូមបញ្ជាក់ថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា នៅព្រឹកថ្ងៃទី៤ខែសីហាឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមលើអតីតអតីតស្នងការរងនគរបាលខេត្តកំពង់ ឆ្នាំង លោក ស៊ុំ សុជាតិ ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពិន័យជាប្រាក់ចំនួន៥០លានរៀល និងរឹបអូសលុយជាង៥០ ម៉ឺនដុល្លារ ពីបទ. បំផ្លាញ និងគៃបំបាត់ ហ៊ុមព័ទ្ធ និងកាន់កាប់ដីព្រៃលិចទឹក និងការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសម្អាតប្រាក់ ប្រព្រឹត្តនៅដែនដីព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងតំបន់គោកព្រះ ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១១ដល់ឆ្នាំ២០២១(ដី៦៧៤ហិកតា)។
ជនជាប់ចោទឈ្មោះ ស៊ុំ សុជាតិ ភេទប្រុសអាយុ ៥១ឆ្នាំអតីតស្នងការរងខេត្ត និងឈ្មោះកែវ ណារុន ភេទប្រុសអាយុ៥៩ឆ្នាំអតីត ប្រធានការិយាល័យអន្តរាគមន៍ ត្រូវបានចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១ដាក់ពន្ធនាគារព្រៃសម១៕
ដោយ រ៉ារ៉ា