ក្រសួងយុត្ដិធម៌បង្កើតក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ចែករំលែក៖

(ភ្នំពេញ)÷នៅថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២ក្រសួងយុត្ដិធម៌បានចេញសេចក្ដីសម្រេច បង្កើតក្រុមការងារចំពោះកិច្ចមួយរបស់ក្រសួង ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។ ជាការកត់សម្គាល់ការបង្កើតក្រុម ការងារប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សនេះ គឺបន្ទាប់ពី សហរដ្ឋអាមេរិក បានដាក់កម្ពុជាចូលក្នុងបញ្ជី ខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស។

ក្រុមការងារចំពោះកិច្ចនេះមានប្រធានមួយរូប អនុ ប្រធានមួយរូប សមាជិក៩រូប និងលេខាធិការចំនួន ៧រូប។ តាមរយៈសេចក្ដីសម្រេចចេញនៅថ្ងៃ០៩កញ្ញា ក្រុមការងារចំពោះកិច្ចគឺជាសេនាធិការរបស់ក្រសួងយុត្ដិធម៌ ដែលមានតួនាទីនិងភារកិច្ចដូចជា៖

-សម្របសម្រួលនីតិវិធីក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យជនបរទេសតាមបណ្ដាគោលដៅសង្ស័យ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនល្មើស និងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា

-ជំរុញ និងពង្រឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្ដន្ទាទោសពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានតឹងរ៉ឹងស្របតាមច្បាប់ និងនីតិវិធីជាធរមាន

-ប្រមូល ចងក្រង និងរៀបចំតារាងស្ថិតិទិន្នន័យ អំពីការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្ដន្ទាទោស ពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

-ជំរុញការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្ដន្ទាទោស ពីបទល្មើសសម្អាតប្រាក់ស្របច្បាប់ និងនីតិវិធីប្រតិបត្ដិស្ដង់ដា(SOP)ជាធរមាន ដោយសហការជាមួយក្រុមការងាររបស់ក្រសួងយុត្ដិធម៌ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងករណីដែលក្រុមការងារពិនិត្យឃើញនូវតម្រុយនៃបទល្មើសសម្អាតប្រាក់ ដែលកើតចេញពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

-ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារជាប្រចាំ ជូនរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ 

-បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌

កាលពីពេលកន្លងទៅសហរដ្ឋអាមេរិក បានដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ក្រសួងការបរទេសអាមេរិក ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនេះ ត្បិតកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការសហការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print