ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ លោក ហួត ចាន់យ៉ារ៉េត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ នៅទីស្តីការ ក.ប.ទ. និងតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)។ សិក្ខាសាលានេះ បានធ្វេីឡេីងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ លោកអនុប្រធានតុលាការ សាលាដំបូងរាជធានីភ្នំពេញ និងតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមន្ទីរ ប.ទ. ខេត្តទាំង២៤ និងតំណាងប្រតិបត្តិករផ្តល់សេវាបញ្ញើប្រៃសណីយ៍។
សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញអំពី (១) នីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ (២)ខ្លឹមសារបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងបញ្ញើហាមឃាត់ (៣)នីតិវិធីត្រួតពិនិត្យបញ្ញើ និង(៤) ការពិនិត្យបញ្ញើសង្ស័យ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រតិបត្តិករប្រៃសណីយ៍ឱ្យយល់ដឹងពីបញ្ញើហាមឃាត់ ជាពិសេសផ្តោតលើការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ដើម្បីយកទៅអនុវត្តក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ ដែលមិនធ្វើឱ្យមានហានិភ័យ ឬផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។
នៅក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា វិស័យប្រៃសណីយ៍ បានដើរតួយ៉ាងសំខាន់ក្នុងការ ទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយបញ្ញើ ដែលសកម្មភាពទាំងនេះជាការសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ ក៏មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសទុច្ចរិត ប្រើប្រាស់វិស័យប្រៃសណីយ៍ពុំបានត្រឹមត្រូវ ពោលគឺ៖ បុគ្គលមួយចំនួនបានផ្ញើបញ្ញើហាមឃាត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលឱ្យមានផលប៉ះពាល់ដល់វិស័យប្រៃសណីយ៍ និងប្រតិបត្តិករប្រៃសណីយ៍ស្របច្បាប់ផងដែរ៕ដោយ៖សហការី