មន្ត្រីអាល្លឺម៉ង់បានព្រមានថា វិបត្តិកង្វះថាមពលនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អឺរ៉ុបនឹងកាន់តែអាក្រក់ទៅ ដោយសារតែអឺរ៉ុបខ្វះសាមគ្គីភាព ហើយប្រទេសជិតខាងមិនចែករំលែកថាមពលគ្នា។
សារព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយថា នៅក្នុងរបាយករណ៍ផ្ញើទៅកាន់គណៈកម្មការបង្កើតច្បាប់ នៅក្នុងគណៈកម្មការអាកាសធាតុនិងថាមពលរបស់សភាអាល្លឺម៉ង់កន្លងមក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បានឱ្យដឹងថា ប្រទេសជិតខាងអាល្លឺម៉ង់ មានហុល្លង់ ប៉ូឡូញ និង Luxembourg បានបដិសេធ ពិភាក្សាស្តីពីកិច្ចព្រមព្រមព្រៀងទ្វេភាគីស្តីពីការចែករំលែកថាមពល។
សកម្មភាព(អាត្មានិយម) របស់ប្រទេសសមាជិកអឺរ៉ុបមួយចំនួន កំពុងតែធ្វើឲ្យអឺរ៉ុបត្រូវបែកបាក់ ហើយវិបត្តិកង្វះថាមពលនឹងកាន់តែធ្ងន់ ដោយសារតែអឺរ៉ុបមិនបានរួមសាមគ្គីគ្នាទប់ទល់នឹងវិបត្តិកង្វះថាមពលនេះ។
សកម្មភាពខាងលើ របស់ប្រទេសអាល្លឺម៉ង់ កើតឡើងក្រោយពេលដែលរុស្ស៊ីបានបិទទាំងស្រុងដល់ការបញ្ជូនថាមពលឧស្ម័នហ្គាសតាមបំពង់បង្ហូរ Nord stream1។ រុស្ស៊ីបានប្រកាសថានឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នរហូតដល់អឺរ៉ុបលុបទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ី៕ ដោយធីរីណា
រូបថត : Reuters