នៅថ្ងៃទី១២ខែកញ្ញា គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ជាង១៥ពាន់នាក់នៅតាមមន្ទីរពេទ្យ ក្នុងរដ្ឋ Minnesota និង Wisconsin បាននាំគ្នាធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែឱ្យបានខ្ពស់ជាងនេះ។
តាមរូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់គិលានុបដ្ឋាយិកា (MNA) បង្ហាញឱ្យឃើញក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាយិកាបានលើកស្លាក
បដា «ផ្តល់អាទិភាពដល់អ្នកជំងឺច្រើនជាងការចំណេញ» ។ ក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាយិកាបានប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដើម្បីបង្ហាញការប្រឆាំង ។
ក្នុងពេលនេះដែរ បណ្តាមន្ទីរពេទ្យក៏បានឡើងគម្រោងផ្តល់សេវាថែរក្សាសុខភាព បើទោះបីត្រូវបានអាក់ខានកន្លងមកក្តី ។ មន្ទីរពេទ្យ North Memorial Health នៅក្នុងរដ្ឋ Minnesota បានប្រកាសថា នឹងធ្វើការកែទម្រង់សេវាកម្មមួយចំនួនក្នុងពេល គិលានុបដ្ឋាក គិលានុបដ្ឋាយិកាធ្វើកូដកម្ម ដើម្បីបញ្ចៀសកង្វះបុគ្គលិក។
អ្នកនាំពាក្យសមាគមគិលានុបដ្ឋាក គិលានុបដ្ឋាយិកា (MNA) បានបញ្ជាក់ថា ការធ្វើកូដកម្មនឹងអូសបន្លាយរយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី១៥ខែកញ្ញា ។ តាមការប្រកាសរបស់(MNA) នៅពេលនេះរដ្ឋ Minnesota គិលានុបដ្ឋាក គិលានុបដ្ឋាយិកាធ្វើការច្រើនលើសលប់ ហើយមន្ទីរពេទ្យកង្វះបុគ្គលិក ខណៈដែលអ្នកជំងឺកើនឡើងខ្ពស់ ។ ក្នុងពេលនេះដែរ(MNA) កំពុងតែស្វែងរកដំណោះស្រាយពាក់ព័ន្ធបញ្ហាសុវត្ថិភាពការងារ ។
ក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាយិកា បានស្នើឲ្យដំឡើងប្រាក់ខែពី២៧-៣០% ប៉ុន្តែខាងមន្ទីរពេទ្យចង់ដំឡើងតែ១០-១២% ក្នុងរយៈពេល៣ឆ្នាំ ៕ ដោយធីរីណា
រូបថត : AP