ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធកាំបិត) ដោយជនសង្ស័យប្រើប្រាស់កាំបិតកាប់ត្រីកាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ នៅត្រង់ចំណុចនៅចំណុចឈ្នាន់៣ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ពាក់ព័ន្ធនឹងករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការ បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទឺ១ ធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖
១-ឈ្មោះ ផាន រ៉ានី ហៅ ណៃ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-ឈ្មោះ ផាន ស៊ីណេង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ រ៉ាត់ ចាន់រី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង ០៣នាក់បានប្រើប្រាស់កាំបិតកាប់ត្រីកាប់ទៅលើជនរងគ្រោះចំនួន ០២នាក់ ១.ឈ្មោះ វ៉ាន់ រក្សា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ រងរបួសចំកំភួនដៃខាងស្ដាំដេរចំនួន ១០ថ្នេរ និងជើងខាងឆ្វេងដេរចំនួន០៦ធ្នេរ និងជនរងគ្រោះទី២.ឈ្មោះ ចាយ ឈួត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ រងរបួសចំសៀតផ្កាខាងស្ដាំដេរ ០៧ថ្នេរ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនដៃដល់ទាំង០៣នាក់មកកាន់អធិការដ្ខាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលឈានដល់ការអំពើហិង្សាខាងលើនេះ គឺបណ្តាលមកពីមានជម្លោះនឹងគ្នារឿងរកត្រីដោយប្រើប្រាស់ឧបករណ៍ឆក់ដោយខុសច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើនេះ នៅព្រឹកថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖សហការី