ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពីបុរសម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល បណ្តាលឲ្យជនរងគ្រោះត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំលើកកែងដៃខាងឆ្វេងត្រូវបានដឹងទៅសង្គ្រោយនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះនៅតាមផ្លូវជាតិលេខ៦ក្បែរផ្លូវចូលទៅស្ពានលីយ៉ុងផាត់ ស្ថិតនៅក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាក់ខែងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ម៉េងហួរ អាយុ២៩ឆ្នាំ ស្នាក់នៅភូមិចេក ឃុំចេក ស្រុកខ្សច់កណ្តាល ខេត្តកណ្តាល ចំណែកស្រីស្នេហ៍មានឈ្មោះ លី យ៉ា អាយុ២៤ឆ្នាំ រីឯម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FV-2190។
ប្រភពពត៌ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីនៅម្តុំស្ពានព្រែកតាម៉ាក់។ ក្រោយពេលផឹកសីុចប់ក៏នាំគ្នាបើកម៉ូតូតាមផ្លូវជាតិលេខ៦ បន្តមកភ្នំពេញទៀតដោយខាងស្រីជាអ្នកឌុប ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា២នាក់បើកម៉ូតូធំ១គ្រឿង មកក្បែររួចដកកាំភ្ជង់ភ្លាមនោះជនរងគ្រោះដែលអង្គុយខាងក្រោយបានលូកដៃទៅចាប់មួលហ្គាម៉ូតូបន្ថែមល្បឿន ដើម្បីគេចខ្លួនក៏ត្រូវជនសង្ស័បាញ់១គ្រាប់បណ្តាលឲ្យត្រូវចំកែងដៃខាងឆ្វេង ហើយជនសង្ស័យបានចាប់ទាញផ្តួលម៉ូតូ រួចក៏មានបក្ខពួកម្នាក់ចុះមកលើកម៉ូតូបើកគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយនៅកន្លែងកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន និងកងកម្លាំងអាវុធហត្ថ ចុះទៅកន្លែងកើតហេតុដើម្បីសួរនាំពីភិនភាគជនសង្ស័យ៕




ដោយ៖ជ្រោយពេជ្រ
...