ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះគ្មានលេខផ្លូវលេខ១៨១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ មឿន សុភ័ន្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទី២-ឈ្មោះ ស៊ូ ថវិការ ហៅម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ទី៣-ឈ្មោះ ស្រេង រត្ន័ មុនី្ន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទី៤-ឈ្មោះ បែន កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងទី៥-ឈ្មោះ វ៉ៃ យិត ហៅភក្ត័ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់សឹ្ទងមានជ័យ ខណ្ឌមានជ័យ ។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លា ៣កញ្ចប់តូចនិងឧប្បករសម្រាប់ជក់មួយចំនួនផងដែល។
បើតាមសម្ដីពីសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌចំការមនកំពុងល្បាតក្នុងមូលដ្នាន ក៏មកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យ៥នាក់កំពុងឈរនៅមុខផ្ទះកើតហេតុខាងលើដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនត្រួតពិនិត្យនិងរកឃើញមានថ្នាំញៀនចំនួន៣កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលដើម្បីសួនាំចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី