ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាបបាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង ហើយ២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះស្លាប់ឈ្មោះ គង់ ភិន អាយុ៥៦ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ឯអ្នករួមដំណើរឈ្មោះ គង់ ភ័ណ្ឌ ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ ហើយអ្នកទាំង២នាក់នេះធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1A-0006 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ១គ្រឿងទៀតពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង្ខាងនិងរងការខូចខាតវត្ថុតាងយ៉ាងដំណំដូចគ្នាផងដែរ។
ប្រភពបន្តថា ម៉ូតូភាគគីម្ខាងទៀតម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1C-0004 បើកបរដោយឈ្មោះ ផាន់ រ៉ន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមីព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់រងរបួសធ្ងន់។
ប្រភពបន្តទៀតថា សាកសពបានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី ចំណែកអ្នករងរបួសបានបញ្ជូនភ្លាមៗទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ដោយឡែកម៉ូតូជាវត្ថុតាងសមត្តកិច្ចនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធី៕





ដោយ៖ បឹុម ពិន
...