ខេត្តកំពង់ចាម : អាជ្ញាធរហាមឃាត់រថយន្តធុនធំឆ្លងកាត់ត្រង់ចំណុចភូមិព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈការបាក់ច្រាំងនៅតែបន្ត ហើយអាចបង្កហានិភ័យ បើរថយន្តធំបើកឆ្លងកាត់។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ រួមទាំងអាជ្ញាធរស្រុកកងមាស ចុះពិនិត្យមើលស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ ដោយផ្ទាល់ ដែលហេតុការណ៍បាក់ស្រុតច្រាំងព្រែកកុយ បានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្ល៉េះ ប៉ុន្តែស្ថានភាពបាក់ស្រុតនៅបន្តកើត។
ហេតុការណ៍នេះ បានរងផលប៉ះពាល់ផ្លូវ មិនអាចឱ្យរថយន្តធុនធំៗបើកឆ្លងកាត់បាន ដោយមានប្រវែងបណ្តោយចំនួន២០ម៉ែត្រ និងទទឹង០៤ម៉ែត្រ នៅត្រង់ចំណុច ហួសគល់ស្ពានព្រែកបារ៉ាយ នៅភូមិព្រែកកុយ នៅឃុំព្រែកកុយ ដែលធ្វើឲ្យប៉ះពាល់ដល់គម្រោងផ្លូវ world bank ចាប់ពីចំណុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ទៅឃុំសូគង ប្រវែង២៧,៦០០ម៉ែត្រ។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានឲ្យកងកម្លាំងប៉ុស្តិ៍ រួមអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ការពារ និងបញ្ចៀសចរាចរណ៍រថយន្តធុនធំៗកុំឲ្យបើកបរឆ្លងកាត់តំបន់នេះ ហើយរិះរកវិធីសាស្ត្រដោះស្រាយភ្លាមៗប្រសិនបើច្រាំងព្រែកនេះបន្តស្រុតទៀត។
លោកអភិបាល នៃគណៈអភិបាលខេត្ត និងអាជ្ញាធរស្រុក បានណែនាំអោយបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ខ្លាចកើតមាននូវឧប្បលហេតុផ្សេងៗ ប្រសិនបើទឹកទន្លេហក់ឡើង ឬបង្កអោយបាក់ច្រាំងបន្តទៀត ៕
ដោយ : សហការី