ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ដែលមានរយៈពេល២ថ្ងៃ ជូនដល់មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តចំនួន២៨នាក់ (ស្រី១៥នាក់) មកពីអនុសាខាខណ្ឌទាំង១៤ ។
មានប្រសាសន៍ក្នុងឱកាសបើកវគ្គនោះ លោកជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សិក្ខាកាមទាំងអស់ប្រកបដោយក្តីនឹករលឹក ។ លោកបានជម្រាបពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត ទៅលេីការងារសុវត្ថិភាពចរាចរណ៍ផ្លវគោក ក្នុងន័យស្វែងយល់បន្ថែមអំពីច្បាប់ចរាចរណ៍ថ្មី ផ្លាកសញ្ញាចរាចរណ៍ គំនូរសញ្ញាចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាវិជ្ជាមួយដ៏មានសារប្រយោជន៍អាចជួយជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យឬភ្នាក់ងារសង្គ្រោះមកដល់ ក្នុងនោះបានផ្តោតទៅលើប្រធានបទបទសំខាន់ៗដូចជា សន្លប់បាត់បងស្មារតី សភាពស្ហុក ការដាក់ដំណេកសុវត្ថិភាព ការហូរឈាម ការបាក់ឆ្អឹង និងស្លាក់ជាដើម។ល។ មុននឹងប្រកាសបើកវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះរួចហេីយ សិក្ខាកាមទាំងអស់នឹងក្លាយជាជនបង្គោលដែលពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះ និងផ្សព្វផ្សាយបន្ត សំដៅបំពេញកិច្ចការងារមនុស្សធម៌របស់យេីងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕
ដោយ : សហការី