ខេត្តពោធិ៍សាត់៖ បុរសអ្នកចម្ការម្នាក់ត្រូវបានភ្លើងចង្រ្កានរាលឆាមឆេះផ្ទះទាំងស្រុង ខណៈគាត់ដាដាំបាយរួចដើរទៅដងទឹកអូរខាងក្រោយផ្ទះនៅគ្រាត្រឡប់មកវិញភ្លើងឆេះពេញក្រមុំបាត់ ម្ចាស់និងអ្នកក្បែខាងបានត្រឹមនាំគ្នាឈរមើល ព្រោះគ្មានទឹកសូម្បីតែមួយដំណក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្តកិច្ចឲ្យដឹងថា តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ទឹម ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុនិយាយថា ផ្ទះត្រូវបានភ្លើងរាលឆាបឆេះខាងលើទំហ៊ុម ៥ម៉ែត្រគុណនឹង ៦ម៉ែត្រ សង់អំពីឈើ ជញ្ជាំងបាំងក្តា រនាបក្តា តំបូលប្រក់ស័ង្កសី។ ម្ចាស់ផ្ទះបន្តថា ការដែលភ្លើងឆាបឆេះនេះបណ្ដាលមកពីភ្លើងចង្រ្កាន ព្រោះមុនឆេះគាត់បានបង្កាត់ភ្លើងដាក់ដាំបាយរួចដើរទៅដងទឹកអូរនៅខាងក្រោយផ្ទះ នៅគ្រាដែលគាត់ត្រឡប់មកវិញភ្លើងបានឆាបឆេះពេញក្រមុំបាត់ទៅហើយ។ គាត់បន្តទៀតថា សម្ភារការខូចខាតរួមមានម៉ាស៊ីនកាត់ស្មៅចំនួន២គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿងនិងសម្ភារមួយចំនួនទៀត និយាយរួមគឺឆាបឆេះទាំងស្រុងតែម្ដង។
ក្រោយកើតហេតុសមត្តកិច្ចបានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់ ខ្លាចមានករណីហឹង្សាដោយប្រការណាមួយ ហើយបានធ្វើរបាយការណ៍ រួចរាយការណ៍ជូនថ្នាក់លើជាបន្តបន្ទាប់អំពីហេតុការណ៍នេះ៕
ដោយ៖ បឹុម ពិន
...