ខេត្តកណ្តាល៖ ជនសង្ស័យជាចោរលួចទូរស័ព្ទដ៏សកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមឃាត់ខ្លួនកាលពីវេលាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់អ្នកស្រុក និងព្រះសង្ឃអស់ជាច្រើនគ្រឿង ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នក្នុងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ។ ជនរងគ្រោះឈ្មោះ ផាន់ វណ្ណារ៉ាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាលួចទូរស័ព្ទដ៏សកម្មនៅក្នុងមូលដ្ឋាន ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃអស់ជាច្រើនគ្រឿង ។ ជាក់ស្តែងនៅវេលាទៀបភ្លឺថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃចេញពីក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ផាន់ វណ្ណារ៉ាក់ ខណៈកំពុងធ្វើសកម្មភាពម្ចាស់ផ្ទះមកទាន់ក៏ប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ