អាជ្ញាធរខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានចុះប្រតិបត្តិការ បង្ក្រាប់ល្បែងស៉ីសងគ្រប់ប្រភេទ ចំនួន៣៤ករណីនិងឃាត់ខ្លួនមនុស្សចំនួនចំនួន៦៤នាក់ (មាន​វីដេអូ​)

ចែករំលែក៖

 

ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់ថ្នាក់ដឹកនាំកម្លាំងអាជ្ញាធរទាំង ១៤ខណ្ឌក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជាបន្តបន្ទាប់ចាប់ពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះដោយបង្ក្រាបបានជាច្រើនករណីនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើនអ្នកផងដែរ។ 

លោកវរសេនីយ៍ឯក សាន្ត សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យភ្នាក់ងារសារព័ត៌មាន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ថា ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌទាំង ១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  ដោយបង្ក្រាប់បានចំនួន៣៤ករណី និងឃាត់ខ្លួនមនុស្សចំនួន៦៤នាក់ ក្នុងស្រីចំនួន២៩នាក់ រួមមាន ខណ្ឌចំការមន ចំនួន០២ករណី ឃាត់ខ្លួនមនុស្សចំនួន០៩នាក់(ស្រីម្នាក់) ខណ្ឌបឹងកេងកង ចំនួន ០៧ករណី ឃាត់ខ្លួនមនុស្សចំនួន ១១នាក់ (ស្រី០៦នាក់) ខណ្ឌដូនពេញចំនួន០១ករណី ឃាត់ខ្លួនមនុស្សម្នាក់ ខណ្ឌទួលគោក ចំនួន០៤ករណី ឃាត់ខ្លួនមនុស្សចំនួន៦នាក់ (ស្រី០៥នាក់) ខណ្ឌដង្កោចំនួន០២ករណី ឃាត់ខ្លួនមនុស្សចំនួន០២នាក់ (ស្រីម្នាក់) ខណ្ឌមានជ័យចំនួន០២ករណី ឃាត់ខ្លួនមនុស្សចំនួន០៤នាក់(ស្រីម្នាក់) ខណ្ឌច្បារអំពៅចំនួន០១ករណី ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ខណ្ឌឬស្សីកែវចំនួន០២ករណី ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ (ស្រីម្នាក់) ខណ្ឌជ្រោយចង្វារ ចំនួន០៣ករណី ឃាត់ខ្លួនមនុស្សចំនួន០៤នាក់ (ស្រី០៤នាក់) ខណ្ឌសែនសុខ ចំនួន០២ករណី ឃាត់ខ្លួនចំនួន១៤នាក់ (ស្រី០៦នាក់) និងខណ្ឌកំបូល ចំនួន០៨ករណី ឃាត់ខ្លួនមនុស្សចំនួនមនុស្សចំនួន០៨នាក់(ស្រី០៣នាក់)។ ប្រភពដដែលបានបញ្ជាក់ថា នឹងបន្តស្រាវជ្រាវ អនុវត្តបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទខុសច្បាប់បន្តបន្ទាប់ទៀតជាប្រចាំ។

ចំពោះមនុស្សប្រុសស្រី ៦៤ នាក់នេះត្រូវបានកម្លាំងអាជ្ញាធរសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសារដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមានអនុក្រឹត្យនិងប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាដាច់ខាតឲ្យអាជ្ញាធររាជធានី ខេត្ត ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ ភ្លាមៗនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ពាក់ព័ន្ធការការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ  មានប្រសាសន៍ថាអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ណាមួយទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះបានឃើញ និងចុះបង្ក្រាបបាន គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។ ឯកឧត្តមបានបន្តថា ក្រុមការងាររបស់សាលារាជធានីនេះ ពេលចុះបង្ក្រាបនៅខណ្ឌណាមួយមិនឲ្យអភិបាលខណ្ឌចុះបង្ក្រាបជាមួយទេ ដោយខណ្ឌនោះត្រូវទទួលខុសត្រូវផងដែរ ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលឲ្យដកដំណែងអភិបាលខណ្ឌនោះ មិនលើកលែងឡើយ។ 

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ខណ្ឌនីមួយៗពិតជាបានដឹង នូវអ្វីដែលខុសច្បាប់ចំពោះការបើកល្បែងស៊ីសងក្នុងខណ្ឌរបស់ខ្លួន។ ចំពោះអ្នកមានច្បាប់អនុញ្ញាត ត្រូវមានទីតាំងច្បាស់លាស់ មិនត្រូវចេះតែដាក់គ្រប់កន្លែងនោះទេ ហើយបើឃើញមានដាក់ល្បែងក្នុងផ្សារណាមួយ មានល្បែងឆ្នោតជាដើម គឺត្រូវដកប្រធានផ្សារនោះ។ មួយវិញទៀត ត្រូវពិនិត្យទីតាំងការធ្វើអាជីវកម្មបញ្ចាំដែលគ្មានច្បាប់អនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវបិទទាំងអស់។ 

ជាមួយនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវអនុវត្តឲ្យបានតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងនេះ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print