នៅថ្ងៃត្រង់ថ្ងៃទី១៨ខែកញ្ញានេះ កោះតៃវ៉ាន់បានរងការរញ្ជួយដីទ្រង់ទ្រាយធំនៅវេលាម៉ោង ១៣និង១៩នាទីក្នុងជម្រៅ១២គីឡូម៉ែត្រ ។ ការរញ្ជួយដីនោះមានកម្រិត ៦,៨រ៉ិចទ័រ។
សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារលើតំបន់ដាច់ស្រយាលមួយស្ថិតនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់បង្កឱ្យមាន ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។
ការិយាល័យឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា គ្រោះរញ្ជួយដីខាងលើមានចំណុចកណ្ដាល នៅក្នុងតំបន់ Taitung ហើយវាបានកើតឡើងតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារលើតំបន់ដូចគ្នាដដែលកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ដោយឡែក បើតាមទីភ្នាក់ងារ ភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីនៅថ្ងៃអាទិត្យនេះ មានកម្រិតរញ្ជួយដល់ទៅ ៧.២រ៉ិចទ័រឯណោះ និងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងបង្កឱ្យមានការខូចខាតមួយចំនួនផងដែរ តែមិនទាន់មានសេចក្តីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយទេ។
កន្លងមក មនុស្សជាង១០០នាក់ បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីមួយ ដែលបានវាយប្រហារលើតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់ កាលពីឆ្នាំ២០១៦ ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័របានផ្ដាច់ជីវិតមនុស្សជាង ២០០០នាក់ កាលពីឆ្នាំ១៩៩៩៕ ដោយធីរីណា
រូបថត : TTXVN