សម្ដេចក្រឡាហោម ស ខេង៖ បទល្មើស​ល្បែងសុីសងខុសច្បាប់ គឺជាជំងឺមហារីកនៃសង្គម បើយើងមិនដោះស្រាយទេ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា៖​ បទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាជំងឺមហារីកនៃសង្គម បើមិនរួមគ្នាដោះស្រាយទេនោះ មេរោគមហារីកនេះ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែមានភាពស្មុគស្មាញ។​ ការថ្លែងបែបនេះ​របស់​សម្តេចក្រឡាហោម ស ខេង បានធ្វេីឡេីង​ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ អំពី​ករណី​បង្រ្កាប​បទ​ល្មើស​ជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «ទាក់ទងនឹងប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ តាមរបៀបធ្វើទារុណកម្ម ជួញដូរពលកម្ម ឆបោក មែនទែនទៅគឺផ្ដើមចេញពីល្បែងខុសច្បាប់។ ល្បែងខុសច្បាប់ ជាមេរោគមហារីកនៃសង្គម បើយើងមិនដោះស្រាយទេ មេរោគកាន់តែរីក ធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញ»។​ សម្ដេចក្រឡាហោម បានអះអាងបន្ថែមថា ល្បែងស៉ីសងខុសច្បាប់នេះហើយ ក៏ជាដើមចមដែលនាំឲ្យមានអំពើជួញដូរមនុស្សគ្រប់ទម្រង់កើតមានឡើង នៅក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា​៖​ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្ដការ៣ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា ក្នុងនោះរួមមាន សង្គ្រោះជនរងគ្រោះ បង្ក្រាបល្បែង និងផ្ដន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស (បើកល្បែងខុសច្បាប់)​។ សម្ដេច​ក្រឡា​ហោម​ ក៏បានណែនាំឲ្យបង្កើនការគ្រប់គ្រងជនបរទេស ដែលចូលមកស្រុកខ្មែរឲ្យបានត្រឹមត្រូវ ក្នុងរួមមានទាំងការពិនិត្យលើប័ណ្ណការងារ ដើម្បីធ្វើការក្នុងក្រុមហ៊ុន ឬសហគ្រាសនានា ជៀសវាងធ្លាក់ក្នុងឧបាយកលផ្សេងៗ តបតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺត្រូវអនុវត្តឲ្យបានច្បាស់លាស់។

សម្ដេច​ក្រឡា​ហោម​ បានគូសបញ្ជាក់ទៀត​ថា​ ទាក់ទងនឹងរឿងបង្ក្រាបបទល្មើសល្បែងស៉ីសងនេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវម្ចាស់ការទទួលបន្ទុកក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវបង្ក្រាបឲ្យអស់ពីមូលដ្ឋានទាំងល្បែងស៉ីសង់តាមអនឡាញ ឬល្បែងស៉ីសង់ផ្សេងៗទៀតគ្រប់ទម្រង់។

បន្ថែម​ពីនេះ​ សម្ដេច​ ស​ ខេង​ ក៏បានសង្កត់ធ្ងន់ថា៖ ការបង្ក្រាបល្បែងស៉ីសងនេះ ត្រូវធ្វើឡើងទៅតាមច្បាប់ជាធរមាន ក្នុងនោះត្រូវក្ដាប់ឲ្យបានកន្លែងណាដែលមានល្បែងស៉ីសងខុសច្បាប់ ហើយត្រូវធ្វើការត្រួតពិនិត្យ និងដោះស្រាយនៅកន្លែងនោះ ដូចអ្វីដែលបានធ្វើកន្លងមកនៅខេត្តព្រះសីហនុ។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ។

...

សូមជម្រាបដែរថា​ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសកម្លាំងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តផ្ទាល់តែម្ដង បានប្រឹងប្រែងបង្ក្រាបទាំងយប់ទាំងថ្ងៃ និងឈានដល់ការឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់​ ក្រោយ​បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី ប៉ុន្មានថ្ងៃមកនេះ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print