ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៃអធិការនគរបាលស្រុកជលគិរី កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ បានសហការជាមួយកម្លាំងចម្រុះ ចុះបង្រា្កបបទល្មើសនេសាទនៅចំណុច បឹងកោះស្លែង និងចំណុចបឹងកោះព្រាល ក្នុងភូមិសាស្រ្ត ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះប្រើប្រាស់កម្លាំងចំនួន ៨នាក់ មធ្យោបាយបាឡាស្មាច់ចំនួន ២គ្រឿង អាវុធ១ដើម ជាលទ្ធផល៖ រុះរេីរបាំងបានចំនួន ១៥កន្លែង ប្រវែង ៩៥០ម៉ែត្រ លបលូស្បៃមុងចំនួន ១៥លប បង្គោលចំនួន ១៧០ដើម លែងកូនត្រីចម្រុះ ចំនួន២០០គីឡូក្រាម ចូលក្នុងបឹងវិញ ។
ក្រោយប្រតិបត្តការចប់ សម្ភារនិងវត្ថុតាងទាំងអស់ត្រូវបានកំទេចចោលនៅនឹងកន្លែង។
ជាមួយគ្នានេះ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំឱ្យប្រើប្រាស់សុីម៉ាំងកែឆ្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស (តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់មួយចំនួនទៀត ៕ ដោយ៖សហការី