ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមជំរាបជូនទស្សនិកជនថា ក្រុមតន្រ្តីនៅសហរដ្ឋអាមេរិកឈ្មោះ Matuto នឹងមកប្រគំជូនសាធារណជនកម្ពុជាដោយឥតគិតថ្លៃពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ ក្រោមការរៀបចំដោយស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងសហការជាមួយអង្គការអម្រឹតាសិល្បៈ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមតន្រ្តីនេះ នឹងប្រគំនៅខេត្ត ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ចាម ហើយចុងក្រោយនៅរាជធានីភ្នំពេញ។ សិល្បករខ្មែរនិងជា DJ ពូ ឃ្លាំង នឹងចូលរួមជាមួយនឹងក្រុមតន្រ្តី Matuto នៅក្នុងការសំដែងជាសាធារណៈទាំងនេះ។ ក្រុមតន្រ្តីនេះនឹងមានកម្មវិធីផងដែរក្នុងការដើរសំដែងជូនសិស្សវិទ្យាល័យនៅខេត្តស្ទឹងត្រែង អ្នកមានអាជីពខាងតន្រ្តី និងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយនិងកុមារក្នុងអង្គការស្នាមញញឹមនៃកុមារ។
កម្មវិធីប្រគំតន្រ្តីដោយមិនគិតថ្លៃមានដូចតទៅ៖
- ថ្ងៃទី១៩ ខែឧសភា ម៉ោង ៧:០០ យប់ ប្រគំជាសាធារណៈនៅមន្ទីរវប្បធម៌ខេត្តក្រចេះ
- ថ្ងៃទី២០ ខែឧសភា ម៉ោង ៧:០០ យប់ ប្រគំជាសាធារណៈនៅមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង
- ថ្ងៃទី២១ ខែឧសភា ម៉ោង ៧:០០ យប់ ប្រគំជាសាធារណៈនៅចន្លោះមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម និងមន្ទីរគរុកោសល្យខេត្ត
- ថ្ងៃទី២២ ខែឧសភា ម៉ោង ៧:០០ យប់ ប្រគំជាសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (សាលមហោស្របគ្មានដំបូល នៃវិទ្យាស្ថានភាសាបរទេសក្រោយអាគារ CJCC)
Matuto (ពាក្យក្នុងគ្រាមភាសារបស់មនុស្សនៅតំបន់អាមេរិកខាងត្បូង ដែលមានន័យថា «កុមារាស្រុកស្រែ») គឺជាការប្រគំតន្រ្តីតាមបែបម្យ៉ាង មិនទៅតាមបែបរបស់មនុស្សនៅលោកខាងលិច ហើយដែលមានការពេញនិយមខ្លាំងនៅទីក្រុង New York ហើយយកលំនាំតាមប្រពៃណីនៅតាមជនបទនៅទូទាំងទ្វីបអាមេរិក។ ក្រុមតន្រ្តីនេះនឹងធ្វើទស្សនកិច្ច និងការប្រគំនៅប្រទេសកម្ពុជា ថៃ និងប្រទេសចិន ជាផ្នែកមួយនៃកម្មវិធីតន្រ្តីអាមេរិក នៅបរទេស ដែលឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយរៀបចំដំណើរការដោយសមាគម សំលេងអាមេរិក (Association of American Voices)។
ចំពោះព័ត៌មានបន្ថែមស្តីពីការប្រគំ និងកម្មវិធីរបស់ក្រុមតន្រ្តី Matuto នៅកម្ពុជា សូមទាក់ទងឈ្មោះ អ៊ិន សំភីរចនី ប្រធានស្តីទី នៃអង្គការអម្រិតាសិល្បៈ តាមអ៊ីម៉េល [email protected] ឬហៅទៅទូរស័ព្ទលេខ ០១២ ៦៨៧ ៧៩១៕
ដោយ៖ សីលា