បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី ហីលឡារីគ្លីនតុន បានឲ្យដឹងថា អតីតប្រធានាធិបតីដែលជាស្វាមីរបស់លោកស្រីគឺលោក ប៊ីលគ្លីនតុន នឹងមិនចូលរួមក្នុងជួរគណរដ្ឋមន្ត្រីថ្មីឡើយប្រសិនបើលោកស្រីទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Kentucky លោកស្រីបានបញ្ចាក់យ៉ាងច្បាស់ទៅកាន់ក្រុមអ្នកគាំទ្រថា និងមិនចូលរួមនៅក្នុងជួររដ្ឋាភិបាលថ្មីឡើយប្រសិនបើលោកស្រីជាប់ឆ្នោត ។ ស្វាមីរបស់លោកស្រីនឹងដើរតួនាទីជាប្រឹក្សាផ្ទាល់សម្រាប់ដឹកនាំនិងផ្តល់បទពិសោធមួយចំនួនដែលគាត់ធ្លាប់ឆ្លងកាត់។
នៅពេលនេះជ័យជំនះអាចធ្លាក់មកលើលោកស្រី ហីលឡារីគ្លីនតុន បើតាមការស្ទង់មតិ លោកស្រីមានសម្លេងគាំទ្រច្រើនជាងបេក្ខភាពមកពីគណបក្សសាធារណ។ ចំណែកគណបក្សសាធារណវិញលោក ដូណាល ត្រាំ កំពុងតែដើរម្នាក់ឯងឆ្ពោះទៅកាន់គោលដៅ ដោយពេលនេះគ្មានបេក្ខភាពណាមួយអាចប្រគួតប្រជែញតទៅទៀតឡើយ។
បរាជ័យរបស់លោក ថេត គ្រូស បានធ្វើឲ្យលោកដកខ្លួនចេញពីសមរភូមិនិងទុកឲ្យលោក ដូណាល់ ត្រាំ ក្លាយជាបេក្ខជនពេញមុខ ដើម្បីតំណាងបក្សសាធារណរដ្ឋ ទៅប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ លោក ដូណាល់ ត្រាំ មិនដែលធ្លាប់ធ្វើការនៅក្នុងរដ្ឋាភិបាលពីមុនសោះ។ ជាអ្នកជំនួញលោក ដូណាល់ ត្រាំ ទើបចូលប្រលូកក្នុងនយោបាយអាមេរិកនៅដើមឆ្នាំនេះប៉ុណ្ណោះ។ ប៉ុន្តែ ផ្ទុយទៅវិញ លោកបែរជាទទួលបានការគាំទ្រច្រើនពីសមាជិករបស់បក្សសាធារណរដ្ឋទៅវិញ។ ចំណែកបេក្ខជនដែលជាអ្នកធ្វើនយោបាយកន្លងមក គឺត្រូវបរាជ័យ របូតធ្លាក់ម្តងមួយម្តងមួយក្នុងដំណើរការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងគណបក្ស។
កាលពីប៉ុន្មានខែមុនគ្មានអ្នកណាស្មានដល់ថា លោក ដូណាល់ ត្រាំ ដែលធ្លាប់ជាអតីតតារាកម្មវិធីតាមទូរទស្សន៍ និងជាមហាសេដ្ឋី អចលនទ្រព្យដែលគ្មានបទពិសោធន៍នយោបាយសោះនោះ នឹងអាចក្លាយជាបេក្ខជនតំណាងបក្សសាធារណរដ្ឋសម្រាប់ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខនោះទេ។ ប៉ុន្តែកូដប្រជាប្រិយភាព និងការឈ្នះសំឡេងឆ្នោតគាំទ្រ ជាបន្តបន្ទាប់ពីសមាជិកបក្សសាធារណរដ្ឋ ជាពិសេសនៅក្នុងរដ្ឋអាំងឌីយ៉ាណា រួមផ្សំនឹងការប្រកាសដកខ្លួនរបស់គូប្រជែងសំខាន់របស់លោកគឺលោក ថេត គ្រូស បានធ្វើឲ្យលោក ដូណាល់ ត្រាំ ក្លាយជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋដែលគេមិនអាចបដិសេធប្រឆាំងបាន។ ជាមួយនឹងសំឡេងគាំទ្រប្រមូល ១,០៥០សំឡេង លោក ដូណាល់ ត្រាំ ដែលលែងមានគូប្រជែងធំដូចជាលោក ថេត គ្រូស នឹងអាចឈ្នះ ប្រមូលយកបានសំឡេង ១,២៣៧ ដោយស្រួលនិងក្លាយជាបេក្ខជនតំណាងពេញសិទ្ធិគណបក្សសាធារណរដ្ឋ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតគណបក្សនៅខែកក្កដាខាងមុខ។
លោក ដូណាល់ ត្រាំ គ្មានបទពិសោធន៍ធ្វើនយោបាយទេ មានតែជំនាញខាងធ្វើជំនួញ គឺប្រហែលដោយសារតែហេតុផលនេះផង ដែលធ្វើឲ្យសមាជិករបស់បក្សសាធារណរដ្ឋបោះឆ្នោតគាំទ្រឲ្យលោកឈរឈ្មោះតំណាងបក្ស។ លោក ដូណាល់ ត្រាំ ផ្តោតសំខាន់តែទៅលើសេដ្ឋកិច្ច និងការងារធ្វើនិងបានសន្យានាំភាពថ្កុំថ្កើងឲ្យអាមេរិក។ អ្នកបោះឆ្នោតសង្ឃឹមគិតថា អាមេរិកដែលលោក ដូណាល់ ត្រាំ សំដៅ គឺប្រជាជនអាមេរិកនោះឯង។
បរាជ័យរបស់អ្នកធ្វើនយោបាយនៅក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកលើកនេះ អាចឆ្លុះបញ្ចាំងផងដែរពីការលែងជឿទុកចិត្តរបស់ប្រជាជន របស់សមាជិកបក្សទៅលើអ្នកដឹកនាំរបស់ពួកគេ មិនថា ទាំងនៅក្នុងបក្ស និងរដ្ឋាភិបាល។ អ្នកបោះឆ្នោតអាមេរិកមិនជ្រើសរើសលោក ថេត គ្រូស ដែលជាសមាជិកព្រឹទ្ធសភា ប៉ុន្តែជ្រើសរើសយកលោក ដូណាល់ ត្រាំ គឺដើម្បីសងសឹកនឹងអ្នកនយោបាយ។ ម្យ៉ាងទៀត ពួកគេក៏ចង់ផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី ដែលអាចមានទស្សនវិស័យថ្មី គិតគូរដល់សេដ្ឋកិច្ច ដែលជាឆ្នាំងបាយរបស់ប្រជាជនអាមេរិកាំង៕
ប្រែសម្រួល៖ ម៉ែវសាធី