នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez បានបញ្ជាក់ថា «ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កំពុងតែប្រើប្រាស់វិស័យថាមពល ដូចជាឧបករណ៍សម្រាប់ធ្វើសង្គ្រាម ដោយសារតែលោកពូទីនយល់ឃើញថាកំពុងរងការគំរាមកំហែងពីតម្លៃរបស់អឺរ៉ុប»។ ប៉ុន្តែលោក Pedro Sánchez បញ្ជាក់ថា បើទោះបីរុស្ស៊ីទទួលបានជោគជ័យក្នុងការជំរុញឱ្យតម្លៃថាមពលនៅក្នុងតំបន់អឺរ៉ុបកើនឡើងខ្ពស់ក្តី ប៉ុន្តែ ផ្ទុយទៅវិញរុស្ស៊ីកំពុងតែធ្វើឱ្យអឺរ៉ុបកាន់តែជិតស្និទ្ធនឹងគ្នា ។
ក្នុងពេលរិះគន់ទៅលើកិច្ចព្រមព្រៀងរវាងប្រមុខដឹកនាំនៅក្នុងតំបន់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងកាត់បន្ថយការអាស្រ័យទៅលើថាមពលរបស់រុស្ស៊ី លោក Pedro Sánchezបានបញ្ជាក់ថា អឺរ៉ុបទទួលបានមេរៀនជាច្រើនពីវិបត្តិជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៨មក។
នាយករដ្ឋមន្ត្រីអេស្ប៉ាញបានស្នើដល់អឺរ៉ុបប្រើប្រាស់បទពិសោធន៍ពី ទម្រង់គ្រប់គ្រងសម័យកាលកូវីដ-១៩ ដោយផ្តោតសំខាន់ទៅលើការទិញវ៉ាក់សាំង ហើយពេលនេះយើងគួរតែយកមកអនុវត្តជាមួយថាមពលដូចគ្នា។
បច្ចុប្បន្នពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែប្រាក់ចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃកើនឡើងខ្ពស់ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ ។ ក្នុងពេលនេះមានពលរដ្ឋនៅក្នុងប្រទេសជាច្រើនបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន៕ ដោយធីរីណា
រូបថត : NYT