កំពង់ធំ ៈ ការរ៉ាស់សាំងមួយកន្លែងដែលបានដាក់លក់សាំងផងនិងហ្គាសផង ត្រូវបានអគ្គីភ័យឆាបឆេះកន្លែងស្តុកហ្គាស់សំរាប់បញ្ចូលរថយន្ដ បង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកបារាយណ៏និងអ្នកធ្វើដំណើរឆ្លងកាត់យ៉ាងខ្លាំងកាលពីវេលាម៉ោង ៥.៤៥នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបែកចាន ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំដោយប្រើប្រាស់កំលាំងចំនួន៦៩នាក់មិនគិតបងប្អូនដែលបានមកជួយឡើយ។
លោកវរៈសេនីយ៏ត្រី ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៏ ប្រាប់អោយដឹងថាៈ ករណីអគ្គិភ័យឆេះកន្លែងស្តុកហ្គាសបញ្ចូលរថយន្តខាងលើនេះ បើតាមការចុះស្រាវជ្រាវរបស់សមត្ថកិច្ចបានអោយដឹងថាបណ្តាលមកពីខុសបច្ចេកទេស មកពី អ្នកបញ្ចូលហ្គាស់ខ្វះការប្រុងប្រយ័ត្ន ខណៈកំពុងតែបាញ់ហ្គាសពីសាទែនធំបញ្ចូលទៅក្នុងធុងតូចៗដែលនៅលើរថយន្តសម្រាប់ដឹកយកទៅចែកចាយនោះ ទុយោមានលេចហ្គាស ទើបបណ្តាលឲ្យឆេះតែម្តង ត្រូវខូចខាត រថយន្តកូរ៉េ១គ្រឿងចំណុះ១តោនកន្លះពណ៌ខៀវ គ្មានស្លាកលេខ ជាកម្មសិទ្ធរបស់ម្ចាស់ការ៉ាស និងឆេះ សំបកធុងហ្គាសអស់ចំនួន៦០ធុងធំ តែសំណាងល្អមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនបណ្តាលឲ្យឆេះរាលដាលទៅដល់សាទែនធំ ដែលស្តុកហ្គាសនោះទេ ដោយសារបានរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកបារាយណ៍១គ្រឿងទៅជួយបាញ់ទឹកអន្តរាគមន៏ ហើយនឹងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តទៅជួយ១គ្រឿង នៅពេលដែលរថយន្តបាញ់ពន្លត់ឲ្យថយចុះកម្លាំងភ្លើងដែលឆេះនោះហើយ ឲ្យមនុស្សចូលទៅបិទកុងតាក់ ទើបអាចគ្រប់គ្រងស្ថានភាពបាន។ ដំណឹងនេះក៏ជាការអំពាវនាវទៅដល់ម្ចាស់ស្ថានីយ៏ប្រេងឥន្ទនៈដ៏ទៃទៀត សូមឲ្យមានការប្រុងប្រយ័ត្នជានិច្ច និងរៀបចំទុកដាក់ទៅតាមបច្ចេកទេស ជៀសវាងនូវគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ៕
ដោយប៊ុនរិទ្ធី