នៅថ្ងៃទី២១ខែកញ្ញា នាវាចម្បាំង របស់អាមេរិកនិងកាណាដាបានបើកឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ក្នុងពេលកំពុងតែប្រឈមមុខតានតឹងរវាងទីក្រុងប៉េកាំងនឹងកោះតៃវ៉ាន់។
ប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងរបស់អាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត មានអង់គ្លេស កាណាដា ជាដើមតែងតែឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ។
ក្នុងពេលនេះដែរ ចិនបានប្រកាសថា នឹងបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី។ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះបាននិយាយថា ចិនមានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី។
លោក ម៉ា សៀវហ្គ័ង (Ma Xiaoguang)ដែលជាអ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ចិនបានធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង។ លោក ម៉ា បានគូសបញ្ជាក់ដូច្នេះថា «ចិនមានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិដោយសន្តិវិធី ហើយការបង្រួបបង្រួមជាតិនេះត្រូវតែធ្វើឡើងដោយចៀសមិនរួច»។ លោកបន្ថែមថា ការប្ដេជ្ញាចិត្តរបស់ចិនក្នុងការការពារទឹកដីរបស់ខ្លួនគឺមិនងាករេឡើយ។
ចិនបានលើកឡើងនូវគំរូ «ប្រទេសមួយប្រព័ន្ធ២» សម្រាប់តៃវ៉ាន់ ដូចគ្នាទៅនឹងទីក្រុងហុងកុងដែរ។ ក៏ប៉ុន្តែសំណើនេះត្រូវបានរដ្ឋាភិបាលតៃវ៉ាន់ក្រោមការដឹកនាំរបស់លោកស្រី សាយ អ៉ីងវិន បានច្រានចោលដោយបញ្ជាក់ថា កោះតៃវ៉ាន់មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិននោះទេ៕ ដោយធីរីណា
រូបថត : baotintuc.vn