ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី២១ខែកញ្ញា បានសម្រេចចុះហត្ថលេខាលើច្បាប់កោះហៅកម្លាំងទាហានបម្រុងជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ក្នុងពេលដែលរុស្ស៊ីកំពុងតែត្រូវការកម្លាំងទាហានក្នុងសង្គ្រាមអុយក្រែន ដែលអាចអូសបន្លាយរយៈពេលយូរ។
សកម្មភាពខាងលើរបស់រុស្ស៊ីបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាន បញ្ជាក់ថា «សកម្មភាពខាងលើគឺយើងបានព្យាករទុកជាមុនរួចហើយ។ ទាំងនោះគឺជាការខិតខំ របស់រុស្ស៊ីដើម្បីបិទបាំងនូវការបរាជ័យរបស់ខ្លួន ។ សង្គ្រាមមិនបានកើតឡើងដូចអ្វីដែលរុស្ស៊ី រំពឹងទុកនោះឡើយ បង្ខំឱ្យប្រធានាធិបតីពូទីនចំបាច់ត្រូវតែ ប្រមូលកម្លាំងទាហានបម្រុង បើទោះបីសកម្មភាពទាំងនោះមិនទទួលបានការគាំទ្រក្តី»។
ចំណែកមន្ត្រីការបរទេសអង់គ្លេស លោកស្រី Gillian Keegan បានបញ្ជាក់ថា «ជាការណ៍ពិតណាស់ នោះជារឿងដែលយើងត្រូវពិនិត្យយ៉ាងល្អិតល្អន់ ហើយបញ្ហានោះមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង។ យើងមិនប្រាកដថា លោកពូទីនប្រាកដនៅកាន់អំណាចដែរឬទេ នេះជាការប្រឈមមុខតានតឹងមួយនៅក្នុងប្រទេសរុស្ស៊ី។
នៅពេលនេះដែរ ឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Robert Habeck បានឱ្យដឹងថា នេះជាជំហានខុសឆ្គងរបស់រុស្ស៊ី។ លោកបន្តទៀតថា យើងនឹងប្រឹក្សាពីវិធានការទប់ស្កាត់ជាមួយសកម្មភាពរុស្ស៊ី។
តាមមន្ត្រីការពារជាតិរុស្ស៊ីបានឱ្យដឹងថា កម្លាំងទាហានអ៊ុយក្រែន មានប្រមាណពី២០១ពាន់នាក់ដល់ ២០២ពាន់នាក់ ហើយអ៊ុយក្រែន រងការបាត់បង់ទាហានប្រមាណ១សែននាក់នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ក្នុងនោះមានជាង៦១ពាន់នាក់ស្លាប់ និងជាង ៤៩ពាន់នាក់រងរបួស ៕
រូបថត : REUTERS