ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដើរអូសរទះបន្លែនៅផ្សារដើមគរ ត្រូវបានរថយន្តម៉ាកLAND CRUISER បើកបុកពីក្រោយខ្ទាតជិត១០ម៉ែត្រ បណ្ដាលឲ្យរងរបួសស្រាល ។
ក្នុងហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ រួមទាំងក្រុមអ្នកមានមុខរបរដូចជនរងគ្រោះចោមរោមមើលជាច្រើន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងកើតស្ទុបផ្សារដើមគរ ប្រហែល៣០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងឡើងនេះបានប្រាប់ឲ្យដឹងថា ដំបូងគឺបុរសរងគ្រោះបានដើរអូសរទះ នៅតាមចញ្ចើមផ្លូវព្រះមុន្នីរ៉េត ដើរពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តបង្កម៉ាកLAND CRUISER ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2G-1666 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងទិសដៅស្របគ្នាក្នុងល្បឿងល្មម ហើយក៏មកបុកបុរសអ្នកដើរអូសរទះនោះពីក្រោយទាំងកំរោល បណ្ដាលឲ្យជនរងគ្រោះខ្ទាតជិត១០ម៉ែត្រ តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសដល់ធ្ងន់ធ្ងរ។
ក្រោយពេលកើតហតុ ជនរងគ្រោះមិនបានទៅមន្ទីរពេទ្យនោះទេ ហើយសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់កន្លែងកើតហេតុនិងជួយសម្របសម្រួលទៅលើភាគីទាំងសងខាងផងដែរ ដោយភាគីខាងជនរងគ្រោះដែលត្រូវរថយន្តបុកពីក្រោយនោះ បានទាមទារសំណងថ្លៃព្យាបាលចំនួន៣០០ដុល្លារពីម្ចាស់រថយន្តបង្ក ហើយម្ចាស់រថយន្តបង្កក៏ព្រមទទួលកំហុស និងព្រមសងទៅលើជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង ព្រោះមិនចង់មានរឿងវែងឆ្ងាយ៕
ដោយ៖ ជីម ភារ៉ា
...