ជនជាតិចិនបើករថយន្តFord Ranger បុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ផ្លោងជិត២០ម៉ែត្រស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តបុកចំពីចំហៀងផ្លោងជិត២០ម៉ែត្រ កាលពីវេលាម៉ោង១១យប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះហៅក្រៅ វីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើការនៅហាងមួយកន្លែង។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2022 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JQ-3225 ចេញពីផ្លូវឌឿងហែមមួយកន្លែងក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2AZ-2225 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះប្លោងជិត២០ម៉ែត្ររងរបួសធ្ងន់ធ្ងរ។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ តែដោយស្ថានភាពរបួសជនរងគ្រោះធ្ងន់ធ្ងរពេកក៏បានផុតដង្ហើមស្លាប់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ខ្លួនបុរសជនជាតិចិនដែលជាអ្នកបើកបររថយន្ត រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីធ្វើការសួរនាំនិងទុកប្រគល់ជូនជំនាញបន្ត។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំធ្វើការសាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print