ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងជូន ដំណើរ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ
តាមរថយន្ដក្រុងទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅស្រុក កំណើតក្នុងឱកាសភបុណ្យភ្ជុំបិណ្ឌ តាមមធ្យោបាយដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដោយមិនគិតថ្លៃ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ រថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ដោយក្នុងនោះរថយន្តក្រុងចំនួន១២៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនតាមបណ្ដាលខេត្ត នឹង៥០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ៕
ដោយ៖សំរិត