ប្រទេសគុយបា ; ក្នុងឱកាសបញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅឯប្រទេសគុយបានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចំនួន ០៦ នាក់ ដែលកំពុងរស់នៅ និងសិក្សានៅឯប្រទេសគុយបាបានជួបសំណេះសំណាល។
និស្សិតកម្ពុជាចំនួន៦រូប គឺកំពុងសិក្សាផ្នែកសុខាភិបាល នៅសាធារណរដ្ឋគុយបា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ណែនាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សាលើផ្នែកសុខាភិបាល ព្រោះថាគុយបាជាប្រទេសដែលមានភាពជឿនលឿនលើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។ សម្តេចតេជោបន្តថា យើងបានចាកឆ្ងាយពីមាតុប្រទេសកំណើតរបស់យើង យើងត្រូវខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ដើម្បីយកចំណេះវិជ្ជាមកបម្រើប្រទេសរបស់យើងវិញ ពិសេសត្រូវមានទំនាក់ទំនងល្អជាមួយប្រាពលរដ្ឋគុយបា និងនិស្សិតរៀនក្នុងថ្នាក់ សិស្សរៀនក្នុងសាលាជាមួយ និងនិស្សិតមកពីបរទេសដូចគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតទាំង៦រូបផងដែរ។ តំណាងនិស្សិតមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ឱកាស និងអនុញ្ញាតឲ្យពួកគេបានចូលជួបសំដែងការគួរសម ដើម្បីបានស្តាប់ដោយផ្ទាល់នូវប្រសាសន៍ណែនាំរបស់សម្តេច។ តំណាងនិស្សិតក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានខិតខំតម្លើងប្រាក់អាហារូបករណ៍ដល់ការសិក្សារបស់និស្សិតនៅក្រៅប្រទេស៕
ដោយ : សុខ ខេមរា