ប្រទេសវៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានចេញបញ្ជាដល់មន្ទីរសុខាភិបាល ស្ថាប័នពាក់ព័ន្ធនៅតាមខេត្តក្រុងជាប់ឆ្នេរសមុទ្រចាប់ពីខេត្តក្វាងនិញរហូតដល់ខេត្ត ប៊ិញធ្វឹង ត្រៀមលក្ខណៈជួយដល់ពលរដ្ឋ ២៤/២៤ម៉ោង។
ព្យុះណូរូ(NORU) ទើបតែបានឆ្លងកាត់កោះ Luzon ប្រទេសហ្វីលីពីន ចូលមកកាន់តំបន់សមុទ្រចិនខាងត្បូង ក្លាយជាព្យុះទី៤ក្នុងឆ្នាំ២០២២នេះសំដៅមកប្រទេសវៀតណាម។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា មុនពេលព្យុះណូរូសំដៅមកកាន់ប្រទេសវៀតណាមក៏បានឆ្លងកាត់ប្រទេសហ្វីលីពីនបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន ។
អាជ្ញាធរហ្វីលីពីន នៅទី២៦ខែកញ្ញា បានប្រញាប់ប្រញាល់ចែកចាយជំនួយដល់ជនភៀសខ្លួនរាប់ពាន់នាក់បន្ទាប់ពីព្យុះទីហ្វុង ណូរូ (Noru) បានបោកបក់នៅក្នុងរដ្ឋធានី និងខេត្តភាគខាងជើង ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងតំបន់ជាច្រើនត្រូវបានជន់លិច។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃចន្ទនេះ ដោយសំដៅទៅលើមនុស្ស ៧៤,០០០នាក់ ដែលត្រូវបានបង្ខំឱ្យជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព យ៉ាងដូច្នេះថា «ចំណុចសំខាន់ដែលយើងអាចធ្វើបានគឺនៅពេលនេះ គឺប្រាកដថា អ្នកជម្លៀសភាគច្រើនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន»។
លោកប្រធានាធិបតីហ្វីលីពីន បានចេញបញ្ជាឱ្យនាំយកជំនួយទៅផ្គត់ផ្គង់ដល់ពលរដ្ឋតាមផ្លូវតាមអាកាស ហើយឧបករណ៍សម្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលរងផលប៉ះពាល់ភាគច្រើន ព្រមជាមួយនឹងការបញ្ជាឱ្យមន្ត្រីផ្តល់ការផ្គត់ផ្គង់ថាមពលសង្គ្រោះបន្ទាន់ដល់ខេត្តចំនួនពីរនៅភាគខាងជើងនៃរដ្ឋធានី គឺខេត្ត អារ៉ូរ៉ា (Aurora) និង នូវ៉ា អ៉ីស៉ីចា (Nueva Ecija) ដែលត្រូវបានទុកចោលដោយសារតែគ្មានអគ្គិសនី។
ព្យុះ Noru ជាព្យុះទីហ្វុងទី៣ ប្រចាំឆ្នាំនេះដែលបានបោកបក់មកលើប្រទេសហ្វីលីពីន ហើយបានថមថយឥទ្ធិពលកាលពីយប់ថ្ងៃអាទិត្យ។ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រចិនខាងត្បូង និងឆ្ពោះទៅប្រទេសវៀតណាម៕
ដោយធីរីណា