ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញចោរគាស់ផ្ទះនិងរុះរើក្នុងទូវីងវេរលុយរបស់ខ្លួនព្រមទាំងបាត់បង់សម្ភារនិងប្រាក់អស់ចំនួនធំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះអុិន សារ៉ាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំពោះសម្ភារបាត់បង់នៅក្នុងទូវីងវេរលុយមានប្រាក់រៀលចំនួន៧លានរៀលប្រាក់ដុល្លារចំនួន១២០០ដុល្លារអាមេរិក
និងប្រាក់បាតចំនួន៥០០០ពាន់បាត។
តាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថាមុនថ្ងៃកើតហេតុកាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាចខ្លួននិងក្រុមគ្រួសារបានចាក់សោទ្វារផ្ទះយ៉ាងត្រឹមត្រូវហើយបាននាំគ្នាទៅដេកនៅផ្ទះថ្មីដែលស្ថិតនៅភូមិអារក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ដើម្បីជួបជុំបងប្អូនកូនចៅ។
ប្រភពបន្តថា លុះដល់ព្រឹកឡើង ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង៦និង៣០នាទីខ្លួននិងក្រុមគ្រួសារបានវិលត្រឡប់មកផ្ទះនៅភូមិបុស្សគគីរវិញបានឃើញទ្វារផ្ទះពីខាងក្រោយត្រូវគេគាស់របើកនិងមានការរុះរើក្នុងទូវីងវេរលុយដែលនៅក្នុងផ្ទះ និងបាត់បង់សម្ភារទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។
ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះហើយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះស្រាវជ្រាវនិងឆែកកាមេរ៉ាសុវត្តិភាពនៅផ្ទះកើតហេតុឃើញមានចោរតែម្នាក់ឯងបានគាស់ទ្វារផ្ទះពីខាងក្រោយនៅយប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង១០និង៥០នាទី ប៉ុន្តែមុខសញ្ញានោះយើងកំណត់អត្តសញ្ញាណមិនបានទេព្រោះរូបភាពពេលយប់មើលមិនបានច្បាស់ គ្រាន់តែដឹងថាជាមនុស្សប្រុស បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បិចាត់ការបន្តតាមច្បាប់៕
ដោយសុថាន