ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តចុះជួយសម្រួលផ្លូវធ្វើដំណើរ។
ប្រភពដដែលបន្តថា អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី មិ ខ្លូត មេបញ្ជាការផ្នែកសឹករងភ្នំស្រុក បានចាត់តាំងលោក អនុសេនីយ៍ឯក សាំង កុសល មេបញ្ជាការរងដឹកនាំកម្លាំង សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះស្រុក ដឹកនាំរួមដោយ លោក ជូ បុត្រ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក កាលពីថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ បានចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិស្រះជីកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា ស្រុកភ្នំស្រុក គឺជាស្រុកមួយដែលមានអាងស្ទុកទឹកធំហើយទឹកច្រើន រួមផ្សំជាមួយទឹកភ្លៀងបន្តធ្លាក់ឥតឈប់ឈរផងនោះ ទើបបណ្តាលអោយមានទឹកជំនន់ហូរកាត់ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តស្រុកផងដែរ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នកូនចៅឱ្យបានខ្ពស់ ពេលដែលកំពុងមានជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងចៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ៕ ដោយ៖សហការី