ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកទឹកផុស សូមជូនដំណឹង ស្តីពី ការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
យោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលស្រុកទឹកផុស បានបញ្ជាក់ថា៖ សូមគោរពជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំង ភ្ញៀវទេសចរណ៍ទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើ ឱ្យទឹកជំនន់ឡើងខ្ពស់ខ្លាំង នៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល និងធ្វើឱ្យមានការខូច ខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវ ទំនប់ ប្រឡាយល
ដើម្បីរក្សាបាននូវស្ថេរភាព សុវត្ថិភាពដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវ ទេសចរណ៍ដែលមានបំណងមកលេងកំសាន្តនៅ… តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល រដ្ឋបាលស្រុកទឹកផុស សូមធ្វើការផ្អាកជាបណ្តោះអាសន្នដំណើរកំសាន្តនូវតំបន់ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ថ្មក្រាលចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ រហូតដល់ជូនដំណឹង សារជាថ្មីឡើងវិញ។
អាស្រ័យដូចបានជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ទាំងអស់មេត្តាជ្រាបជាដំណឹង។
សូមជម្រាបដែរថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោងម៉ោង កម្លាំងប្រជាការពារ បានចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ដែលទទួលរងនូវជំនន់ទឹកភ្លៀងដែលហូរនៅលើស្ពាន និងហូរលើផ្លូវ ដោយបានច្រកបាវខ្សាច់ទប់ស្កាត់ទឹកកុំឱ្យមានការហូរច្រោះបាក់ដីក្បាលស្ពាន និង ផ្លូវផងដែរ៕ដោយ៖សហការី