ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះយ៉ាងដូច្នេះថា៖ គិតចាប់ពីថ្ងៃអនុវត្ត គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ (គិតត្រឹមម៉ោង៣រសៀលនេះ) យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចំនួន ៨៧ទីតាំង និងឃាត់ខ្លួនមនុស្សចំនួន ១៥២នាក់។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា ហើយទាក់ទងទីតាំងទទួលបញ្ចាំម៉ូតូ និងរថយន្ត នៅក្នុងមូលដ្ឋានខណ្ឌទួលគោក គឺបង្ក្រាបបាន ១៣ទីតាំង និងឃាត់ខ្លួនមនុស្សបានចំនួន ៩នាក់ ដោយអនុវត្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ។
សូមរម្លឹកដែរថា លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោកចុះត្រួតពិនិត្យទីតាំងឃ្លាំងទទួលបញ្ចាំ និងស្តុកម៉ូតូ ស្ថិតនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ៣២៤ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានី ក៏បានបញ្ជាក់ដែរថា ចំពោះម៉ូតូចំនួន ១១១៣ គ្រឿងដកហូតរក្សារទុកនៅតំបន់OCIC គឺលោកបានប្រគល់ជូនទៅកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យកម្លាំងនគរបាលជំនាញធ្វើការត្រួតពិនិត្យចំពោះម៉ូតូណាជាម៉ូតូខុសច្បាប់និងម៉ូតូណាដែលម៉ូតូបញ្ចាំ រួចចាត់ការតាមនីតិវិធី។
គួរជម្រាបដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅថ្មីៗនេះ បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឱ្យចាត់វិធានការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទឱ្យទាន់ពេលវេលា។ ដោយសម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានីអភិបាលស្រុកខណ្ឌក្រុងឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន និងមិនអាចបណ្តោយឱ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ៕ដោយ៖ស តារា
IMG_7691