សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលដំណើរនិវត្តន៍សម្ដេចតេជោ នាយករដ្ឋមន្រ្តី ត្រឡប់មកពីចូលរួមមហាសន្និបាត UN លើកទី៧៧

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៧ នៅសហរដ្ឋអាមេរិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមទទួលពី សំណាក់  សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក-លោកស្រី ប្រតិភូជាន់ខ្ពស់ ឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនដែរថា ជាលទ្ធផល នៃបេសកម្មនៅក្រៅប្រទេសរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី រយៈពេលពេញមួយសប្តាហ៍កន្លងទៅនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ។ ក្នុងនោះ ទាក់ទងទៅនឹងសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ  សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជួបជាបន្តបន្ទាប់គ្នា ជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអឺរ៉ុប និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។

ដោយឡែក សម្រាប់ដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានទទួលជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសគុយបាសំខាន់ៗ ដូចជា លោកប្រធានាធិបតីគុយបា, ប្រធានរដ្ឋសភាគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត រួមទាំង ចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ០៣ផងដែរ សម្រាប់បម្រើប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ  និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

សម្រាប់កម្មវិធីចុងក្រោយវិញ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក ស៊ីនហ្សូ អាបេ  អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀតរបស់ប្រទេសជប៉ុន ផងដែរ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print