លោក សាយ សំអាល់៖”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្ថិភាព”នឹងជួយឱ្យពលរដ្ឋរស់នៅប្រកបដោយអនាម័យ មានសោភ័ណភាព និងបរិស្ថានកាន់តែល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ : លោក សាយសំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានថ្លែងថា តាមរយៈការប្រឡងប្រណាំង”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌ លក្ខខណ្ឌសម្បតិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយ ឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។

ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព” ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយ ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នឹងធ្វើឱ្យទីប្រជុំជន លំនៅដ្ឋាន ទីផ្សារ ក៏ដូចជាតំបន់ទេសចរណ៍ប្រកបដោយអនាម័យ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។

លោក រដ្ឋមន្រ្តី មានប្រសាសន៍ថា កន្លងមកក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រងសំរាមតាម ភូមិ ឃុំ ស្រុក នៃបណ្តាខេត្តជាច្រើននៅកម្ពុជាសំដៅកាត់បន្ថយសំណល់រឹង និងតំបន់ស្រុកខ្លះបានបង្កើតទីលានចាក់សំរាម និងផ្តល់ជាឡដុតសំរាមថែមទៀត។ ជាមួយគ្នានេះដែរ តាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូលរួមថែរក្សាអនាម័យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងពិធីនេះដែរ ដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តនូវគោលនយោបាយ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នេះ ឯកឧត្តម រដ្ឋមន្រ្តីបានធ្វើការណែនាំក៏ដូចជាផ្តល់អនុសាសន៍ដល់ដៃគូក្នុងការបែងចែកតួនាទីភារកិច្ចការងារ និងក៏ដូចជាជំរុញឱ្យមានការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និង ប្រសិទ្ធផលបន្ថែមទៀត។

ក្នុងពិធីនេះដែរ លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និង ព័ត៌មានបរិស្ថានបានលើកបង្ហាញពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពនោះ គេចាំបាច់ត្រូវមានការលើកទឹកចិត្តដូចជា ផ្តល់ជាបណ្ណសរសើរ ផ្តល់ជារង្វាន់ ដល់ភូមិ ឃុំសង្កាត់ ណាដែលបានប្រតិបត្តិល្អ។

លោកអគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថានបានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃ ភូមិ ឃុំសង្កាត់មានសុវត្តិភាព ហើយនិងរួមទាំងនីតិវិធីនិងដំណើរការជ្រើសរើសបេក្ខភាពជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យ។

គួរបញ្ជាក់ថាក្នុងពិធីនេះមន្រ្តីដែលមកពីអន្តរក្រសួងនានា បានចូលរួមជជែកពិភាក្សាយ៉ាងផុលផុស ហើយដែលត្រូវបានឯករដ្ឋមន្រ្តី សាយសំអាល់វាយតម្លៃខ្ពស់ សម្រាប់ការយកមកអនុវត្តនៃគោលនយោបាយ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នេះកានត់ែមានប្រសិទ្ធភាពបន្ថែមទៀតនៅថ្ងៃខាងមុខ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print