នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូចូលបង្គំគាល់ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម

ចែករំលែក៖

ប្រ៊ុយណេ ៖ ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចនៅប្រ៊ុយណេដារូសាឡឹម នាថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូចូលបង្គំគាល់ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល ប៊ុលគៀ ព្រះមហាក្សត្រ ប្រទេសប្រ៊ុយណេដារូសាឡឹម នៅព្រះបរមរាជវាំង អុីស្តាណានូរ៉ូលអុីម៉ាន់ ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម ដែលបានរាជានុញ្ញាតឲ្យគណៈប្រតិភូកងយោធពលខេមរភូមិន្ទ បានចូលបង្គំគាល់សម្តែងការគួរសម និងបំពេញទស្សនកិច្ច។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទូលថ្វាយពីជំនួបទ្វេភាគីជាមួយមេបញ្ជាការកងទ័ពភូមិន្ទ និងអនុរដ្ឋមន្ត្រីការពារជាតិប្រ៊ុយណេដោយទទួលបានលទ្ធផលល្អប្រសើរ លើការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ជាមួយនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ថ្វាយព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេដារ៉ូយសាឡឹម។

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល ប៊ុលគៀ បានសព្វព្រះរាជហឬទ័យរីករាយ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ នៅលើទឹកដីនៃប្រទេសប្រ៊ុយណេដារូសាឡឹម។

ព្រះចៅស៊ុលតង់ បានមានបន្ទូលគាំទ្រ និងជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ប្រ៊ុយណេឲ្យកាន់តែរីកចម្រើនថែមទៀត។

...

ព្រះអង្គបានផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយព្រះអង្គចាត់ទុកសម្ដេចតេជោ ជាបងប្អូន និងជាមិត្តដ៏ល្អ តែងតែជួបគ្នារាល់កិច្ចប្រជុំ៕ ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print