ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ដឹកនាំដោយ លោក ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចតេជោ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ និងមន្រ្តីកងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានចុះពិនិត្យស្ថានភាពទឹកអូរព្រំដែនកម្ពុជា-ថៃ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃកន្លងមកធ្វើឲ្យទឹកអូរព្រំដែនកើនឡើងគួរឱ្យព្រួយបារម្ភ បានជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ននេះរដ្ឋបាលក្រុងប៉ោយប៉ែតបានចាត់ក្រុមការងាររៀបចំទីទួលសុវត្ថិភាព និងត្រៀមស្បៀងបំរុងបណ្តោះអាសន្នដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋរួចហើយផងដែរ។
សូមជម្រាបដែរថា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អញ្ជើញដឹកនាំក្រុមការងារ អមដំណើរដោយអាជ្ញាធរស្រុកភ្នំស្រុក កងកម្លាំងទាំងបីប្រភេទ បន្តចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាតរងគ្រោះទឹកជំនន់ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនដល់ពួកគាត់ចំនួន៥០គ្រួសារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ដោយក្នុង០១គ្រួសារទទួលបាន អង្ករចំនួន១០គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ស្ករសកន្លញគីឡូ, អំបិលកន្លះគីឡូ, មុង០១,សាប៊ូ០២ដុំ និងថ្នាំពេទ្យមួយចំនួន ។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍ សាកសួរសុខទុក្ខពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាន ពិសេសសម្តេចបាន ចូលរួមសោកស្តោយចំពោះបាតុភូតធម្មជាតិ ដែលមានឡើងប៉ះពាល់ដល់ផ្ទះបែង ផលដំណាំ ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា គិតមកទល់ល្ងាចថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះ តាមការចុះពិនត្យជាក់ស្តែង សង្កេតឃើញថា ស្ថានភាពទឹកបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ ដោយជំនន់នេះ ដោយសារទឹកភ្លៀងផង ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យផង ប៉ះពាល់ស្រុកភ្នំស្រុក ឃុំស្ពានស្រែងខ្លាំងនិងទឹកជោរ ស្រុកព្រះនេត្រព្រះ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះទឹកជំនន់ដែលកើតមានឡើងបង្កឲ្យមានជម្ងឺរាគរូស ដូច្នេះថែរក្សាសុខភាព មានអនា ម័យល្អ ក្នុងការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបណ្តែតបណ្តោយឲ្យលេងទឹកក្រែងកើតមានករណីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើង ជាពិសេសប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសទិច ឬខាំ ជាដើម៕ ដោយ៖សហការី