ភ្នំពេញ : នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំ សុខភាពមាត់ធ្មេញ-សុខភាពទូទៅ ជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសរុប៤០០នាក់ នៅវិទ្យាល័យឬស្សីកែវ និងបាននាំយកមកជាមួយនូវកញ្ចប់ឃីតសម្រាប់ក្មួយៗ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ ក្នុងនោះមានសៀវភៅរូបសម្តេច ចំនួន ០២ក្បាល ប៊ិច ចំនួន ០២ដើម ជែលលាងដៃ ០៥ដប ម៉ាស ចំនួន ២០ម៉ាស ច្រាសដុសធ្មេញ ០១ និងជូនវិទ្យាល័យឬស្សីកែវ ជែលលាងដៃ ចំនួន១២០ដបធំ និងម៉ាស់ ចំនួន៥,០០០ ម៉ាស់។
លោក សុឹម ស៊ូយ៉េង តំណាងអោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីវេជ្ជបណ្ឌិត ពេជ្រ ចន្ទមុនី បានថ្លែងថា, TYDA បេសកកម្មចុះតាមសាលារៀន គឺផ្តោតសំខាន់ទៅលើការថែទាំសុខភាពបឋម (Primary Health Care) ។
លោកបន្តថា, ការថែទាំសុខភាពបឋម គឺត្រូវការចូលរួមទាំងអស់គ្នា ស្រដៀងនឹងការឆ្លើយតបជាមួយជំងឺកូវីដ-១៩ មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងសុខាភិបាលតែឯងនោះទេ តម្រូវឱ្យមានការចូលរួម ដើម្បីធានាសុខភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងអាយុកាលរស់នៅបានយូរអង្វែង តាមរយះធ្វើការជាមួយប្រជាពលរដ្ឋ ឱ្យចេះថែទាំសុខភាពខ្លួនឯង និងពង្រឹងការផ្តល់សេវាបឋមនៅមូលដ្ឋាន។
#សមាសធាតុគន្លឹះ
– ផ្នែកផ្គត់ផ្គង់ (Supply side)៖ ការពង្រឹងប្រព័ន្ធសុខាភិបាល និងការពង្រឹងចំណេះជំនាញ
– ផ្នែកតម្រូវការ (Demand side)៖ ការយល់ដឹង ការប្រើប្រាស់សេវារបស់ប្រជាពលរដ្ឋ/សហគមន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋលើបញ្ហាសុខភាព។
ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ជំរុញការថែទាំសុខភាពបឋមឱ្យធ្វើដំណើរទៅមុខរហូត ដែលលទ្ធផលរំពឹងទុក គឺការរស់នៅឱ្យបានយូរអង្វែងរបស់ប្រជាពលរដ្ឋ ៕
ដោយ : សិលា