ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរាលខណ្ឌកំបូល រាជធានីភ្នំពេញ បានលើកឡើងនាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញកម្លាំងនគរបាលទាំងពីរខណ្ឌបង្កើនពង្រឹងស្រាវជ្រាវស្វែងរកបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលនៅបើកលួចលាក់ក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព ខណៈដែលរាជធានីភ្នំពេញគេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បាននឹងកំពុងបើកយុទ្ធនាការចេញបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់មួយចំនួនជាបន្តបន្ទាប់នៅទីតាំងបើកល្បែងខុសច្បាប់ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ក្នុងការពង្រឹងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី០១ ខែតុលា ឆ្នាំ២០២២។
ការថ្លែងជំរុញការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានវត្តមានចូលរួមពីលោកនាយការិយាល័យជំនាញ លោកអធិការ លោកលោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្តាសង្កាត់នានាក្នុងខណ្ឌទាំងពីរ និងមន្ត្រីនគរបាលពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី និងលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ក៏បានលើកឡើងទៀតថា ការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នេះត្រូវធ្វើជាប្រចាំ និងអនុវត្តឱ្យបានត្រឹមត្រូវ ដែលមានការទទួលខុសត្រូវខ្ពស់ ចៀសវាងការអនុវត្តខុសឆ្គងការងារដែលនាំឱ្យរងការរិះគន់ពីមហាជន ។
លោកឧត្តមសេនីយ៍ស្នងការរងទាំងពីររូប បានលើកឡើងទៀតថា បទល្មើសល្បែងស៊ីសងខុសច្បាប់នេះបានបង្កឱ្យរងផលប៉ះពាល់អំពើអសន្តិសុខសង្គម ដែលនាំឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅពេលថ្មីៗនេះបានដាក់បទបញ្ជាឱ្យអាជ្ញាធររាជធានី ខេត្តត្រូវតែបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ឱ្យមានប្រសិទ្ធភាពបំផុត និងការអនុវត្តវិធានការច្បាប់ ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី និងលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ក៏បានលើកឡើងណែនាំដល់មន្ត្រីនគរបាលទាំងពីរខណ្ឌគឺបន្តយកចិត្តទូកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆក់ លួច ក្មេងទំនើងនិងបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានការការពារសន្តិសុខ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងការជំរុញការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័សនិងការងារគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសឱ្យបានម៉ឺងម៉ាត់ ៕ ដោយ៖សហការី