ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨ ស្ថិតនៅតំបន់ក្បាលឆាយ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ការសាលាខេត្ត និងអស់លោកលោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចែកខិតប័ណ្ណ និងបានធ្វើការណែនាំ ជូនអ្នកធ្វើដំណើរសាកល្បងលើផ្លូវល្បឿនលឿន ស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញរួមមាន៖
១.ការត្រៀមលក្ខណៈមុនពេលបើកបរលើផ្លូវល្បឿនលឿន
២.ពិនិត្យស្លាកសញ្ញាប្រាប់ដំណឹងលើផ្លូវល្បឿនលឿន
៣.ការបើកបរចូលបញ្ជរបង់ប្រាក់
៤.ស្លាកសញ្ញាប្រាប់ដំណឹងពីការចាប់ផ្តើមចូលផ្លូវល្បឿនលឿន
៥.ការបើកបរចូលផ្លូវល្បឿនលឿន
៦.ការប្រើប្រាស់គន្លងផ្លូវ
៧.ការកំណត់ល្បឿនបើកបរយានយន្ត
៨.ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត និងលេខទូរស័ព្ទទាន់ហេតុការណ៍ និងការជួយសង្គ្រោះជាដើម។
ប្រសិនបើយើងចូលរួមគោរពច្បាប់ចរាចរណ៍ និងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ យើងនឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់បានទាំងអស់គ្នា។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ គឺកំណត់ល្បឿនខ្ពស់បំផុតសម្រាប់រថយន្តធុនតូចត្រឹម ១២០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវលាត ត្រង់ ប៉ុន្តែក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ តាមស្ថានភាពដែលមានស្លាកសញ្ញាបង្ហាញប្រាប់តាមដងផ្លូវ។
ការបើកដំណើរការសាកល្បងចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២២នេះ ល្បឿនត្រូវបានកំណត់តាមប្រភេទយានយន្តរួមមាន៖ រថយន្តគ្រួសារ ធុនស្រាល រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ ត្រូវចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដើម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ក្នុងករណីអ្នកបើកបរបើកលើសល្បឿនកំណត់នោះ នគរបាលចរាចរណ៍ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរកាល ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរតាមផ្លូវច្បាប់៕
ដោយ : សហការី