ប្រទេសស្វីស៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យទី០២ ខែតុលា ឆ្នាំ២០២២នេះ បានដកស្រង់ចេញផ្សាយពីរបាយការណ៍របស់អ្នកវិទ្យាសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររបស់ប្រទេសស្វីស បានឱ្យដឹងថា ផ្ទាំងទឹកកកនៅប្រទេសស្វីស បានជាប់ក្នុងកំណត់ត្រារលាយដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងការកត់ត្រាដែលបានចាប់ផ្តើមជាងមួយសតវត្សរ៍មុន។ កំណត់ត្រាថ្មីនេះ រកឃើញថា ផ្ទាំងទឹកកកបានបាត់បង់ក្នុងទំហំប្រមាណ៦ភាគរយនៃបរិមាណសរុបរបស់វានៅឆ្នាំនេះ ដោសាររដូវរងាស្ងួត និងរលកកំដៅរដូវក្តៅម្តងហើយម្តងទៀត។
ការសិក្សាមួយរបស់គណៈកម្មការ Cryospheric (CC)នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ របស់ប្រទេសស្វីស បាន បង្ហាញ ថា ផ្ទាំងទឹកកកជាង បី គីឡូម៉ែត្រ គូប ឬដែលមានបរិមាណទឹកជាង ៣ទ្រីលាន លីត្រ បាន រលាយបាត់។
អ្នកវិទ្យាសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររបស់ប្រទេសស្វីស បានរកឃើញថា “ឆ្នាំ២០២២ គឺ ជាឆ្នាំដ៏មហន្តរាយសម្រាប់ផ្ទាំងទឹកកកស្វីស ពោលគឺការលាយនៃផ្ទាំងទឹកកកទាំងអស់បានធ្លាក់ចូលក្នុងកំណត់ត្រាថ្មី។ ជាការលាយដែលត្រូវបានគេរាយការណ៍ថាមានទំហំជិតពីរដងនៃកំណត់ត្រាចាស់ក្នុងឆ្នាំ២០០៣”។
ការរលាយដ៏ខ្លាំងបែបនេះ បានធ្វើឲ្យផ្ទាំងថ្មដែលកប់នៅក្រោមទឹកកករាប់សហស្សវត្សរ៍មកហើយ បានលេចចេញជាថ្មីនៅកន្លែងមួយ ខណៈដែលបំណែកឆ្អឹងមនុស្ស និងសូម្បីតែគ្រោងឆ្អឹងយន្តហោះ ដែលបានបាត់រាប់ឆ្នាំកន្លងទៅនៅភ្នំអាល់ក៏លេចចេញឲ្យឃើញដែរ។
លោក Matthias Huss ប្រធានបណ្តាញត្រួតពិនិត្យផ្ទាំងទឹកកកស្វីស បានប្រាប់សារព័ត៌មាន Reuters ថា”យើងបានដឹងថាសេណារីយ៉ូអាកាសធាតុបែបនេះ នឹងមកដល់យ៉ាងហោចណាស់នៅពេលណាមួយក្នុងអនាគត។” លោកបន្តថា “ហើយ នៅពេលដែលយើងដឹងថា អនាគត ការពិតគឺ នៅ ទីនេះ ក្នុងពេល ឥឡូវ នេះ វាគឺ ជា បទពិសោធន៍ ដ៏ គួរ ឱ្យ ភ្ញាក់ ផ្អើល ឬ រន្ធត់ បំផុត ក្នុង រដូវ ក្ដៅ នេះ”។
គណៈកម្មការ CC បានលើកឡើងថា ការរលាយនៃទឹកកកគឺមានភាពអាក្រក់ខ្លាំងសម្រាប់ផ្ទាំងទឹកកកតូច។
ការប្រែប្រួលអាកាសធាតុ បានបំផ្លិចបំផ្លាញផ្ទាំងទឹកកកនៅភ្នំអាល់បារាំង។ ការរលាយបាត់បង់នូវផ្ទាំងទឹកកកកើតឡើងគួរឱ្យកត់សម្គាល់ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាសូម្បីតែនៅចំណុចខ្ពស់បំផុតនៃភ្នំអាល់ត្រង់កម្ពស់ជាង ៣ ៥០០ម៉ែត្រ។
“ការសង្កេតបង្ហាញថាផ្ទាំងទឹកកកជាច្រើនកំពុងរលាយបែកខ្ញែក ហើយដុំថ្មកំពុងផុសចេញពីផ្ទាំងទឹកកកដែលមានកម្រាស់ស្តើងនៅចំណុចកណ្តាលរបស់វា”។ នេះបើតាមរបាយការណ៍របស់អ្នកវិទ្យាសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររបស់ប្រទេសស្វីស៕
ដោយ៖សហការី