ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយសហគមន៍ខ្មែរ រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយសហគមន៍ខ្មែរដែលរស់នៅស្រុក ហ្វីជីហ្សាវ៉ា (Fujizawa )ខេត្ត កាណាហ្កាវ៉ា(kanagawa) ប្រទេសជប៉ុន បានរៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុក ដើម្បីអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរយើង ។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ នៅស្រុក ហ្វូជីហ្សាវ៉ា(Fujizawa) ខេត្តកាណាហ្កាវ៉ា (Kanagawa)ប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមន្រ្តីនៃស្ថានទូត ហើយក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតំបន់នាៗក្នុងប្រទេសជប៉ុន យ៉ាងច្រើនកុះករព្រមទាំងភ្ញៀវជប៉ុនមួយចំនួនផងដែរ។

សូមបញ្ជាក់ថាកម្មវិធីនេះធ្វើឡើងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុនទាំងអស់បានមកជួបជុំគ្នាសប្បាយរីករាយ និងចូលរួមផ្សព្វផ្សាយលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរយើង ឲ្យបរទេសបានស្គាល់ និងបានដឹងពីទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីរបស់ខ្មែរយើងឲ្យកាន់តែទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅចូលរួមទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឯកអគ្គរាជទូត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនទាំងអស់ដោយក្តីនឹករលឹក និងជម្រាបអំពីការទំនាក់ទំនង់កិច្ចសហប្រត្តិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន និងបានផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅប្រទេសកម្ពុជាផងដែរ ។ 

ជាចុងបញ្ចប់ លោក ទុយ រី ឯកអគ្គរាជទូត បានផ្ដាំផ្ញើដល់ក្មួយៗដែលជាកម្មសិក្សាការី និស្សិត ពលករជំនាញ និងប្រជាពលរដ្ឋដែលរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុនទាំងអស់ ត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នាជាខ្មែរតែមួយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងបំពេញការងារជូនក្រុមហ៊ុនឲ្យបានល្អ កុំចាញ់បោកមេខ្យល់ កុំរត់ចោលក្រុមហ៊ុននាំឲ្យប្រឈមនឹងផ្លូវច្បាប់ និងនាំឲ្យបាត់បង់ឱកាសបំពេញការងារបន្តទៀត ត្រូវគិតដើម្បីខ្លួនឯង គ្រួសារ និងប្រទេសជាតិ ហើយចៀសឆ្ងាយពីកាប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print