សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង : នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្តើម សម្ដេចក្រឡាហោម បានថ្លែងអរគុណចំពោះ លោក លោកស្រី អស់លោក លោកស្រី ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តព្រៃវែង ដែលឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់ទាក់ទងនឹងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី នៃស្រុកកំចាយមារ នាពេលនេះ។ 

សម្ដេច ក៏បានថ្លែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងបីឃុំ ដែលបានស្ម័គ្រចិត្តអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់សមាគមដើម្បីមកពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ ព្រមទាំងកោតសរសើរចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកបំពេញភារកិច្ចមនុស្សធម៌ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនោះសម្ដេច ក៏បានថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានរៀបចំថ្នាំពេទ្យ ក៏ដូចជាឧបករណ៍សម្ភារបម្រើឲ្យការងារពិនិត្យ និងព្យាបាលនេះ ព្រមទាំងការចំណាយលើធនធានផ្សេងៗ ដើម្បីបម្រើឲ្យការពិនិត្យព្យាបាលនេះ។ សម្ដេចបន្ថែមថា «សម្តេចពិតជាមានការពេញចិត្តពេញថ្លើម ហើយសង្ឃឹមជឿជាក់ថា ថ្ងៃនេះយើងនឹងរួមគ្នាដើម្បីអនុវត្តនូវកិច្ចការរបស់យើងឲ្យបានជោគជ័យនោះ គឺថាពេទ្យក៏បំពេញតួនាទីរបស់ខ្លួន ហើយប្រជាពលរដ្ឋក៏ខិតខំដើម្បីពិនិត្យសុខភាពរបស់ខ្លួនផងដែរ ដែលគោលដៅចុងក្រោយ គឺយើងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើង នេះគឺជាបំណងប្រាថ្នារបស់យើងដ៏ពិសិដ្ឋសម្រាប់ថ្ងៃនេះ។

សម្ដេចមានប្រសាសន៍ថា តំបន់នេះយើងដឹងទាំងអស់គ្នាហើយបើនិយាយពីប្រវត្តិសាស្រ្តក្នុងអំឡុងទសវត្សរ៍ ៦០ ប្រជាពលរដ្ឋ ក៏ដូចជាសមិទ្ធផលនានាត្រូវបានបំផ្លាញដោយសារសង្គ្រាម នៅវៀតណាមខាងត្បូង ដោយសារការទម្លាក់គ្រាប់បែក និងគីមីពុល ។ 

សម្ដេចមានប្រសាសន៍បន្តថា នៅក្នុងទសវត្សរ៍ ៧០ យើងក៏ទទួលនូវការលំបាកវេទនាយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមបង្កឡើងដោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ផង ហើយបន្ទាប់ពីនោះមក គឺការគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃផង ដែលសម្លាប់មនុស្សប្រមាណ ២ លាននាក់។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម តាងនាមសម្តេចប្រធានគណបក្ស ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល ក៏ដូចជារាជរដ្ឋាភិបាល សូមថ្លែងនូវអំណរគុណ និងកោតសរសើរជាពន្លឹកចំពោះប្រជាពលរដ្ឋ នៅឃុំទាំងឡាយ នៅស្រុកកំចាយមារ ដោយឡែកនៅឃុំបី ដែលបានជួបជុំគ្នានៅថ្ងៃនេះ។

សម្ដេចបានបន្ថែមថា បច្ចុប្បន្នសម្ដេចកំពុងធ្វើសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឫស្សីវេទ ហើយបង្កើតជាមជ្ឈមណ្ឌលអប់រំ នៅហ្នឹងឫស្សីវេទ។ បើចូលសិក្សាក្នុងមជ្ឈមណ្ឌលអប់រំឫស្សីវេទ ឥឡូវហ្នឹងមានតាំងពីមតេយ្យ រហូតដល់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ហើយនឹងរៀនមុខជំនាញវិជ្ជាជីវៈ បានន័យថា រៀនជួសជុលភ្លើង រៀនជួសជុលម៉ូតូ រៀនជួសជុលម៉ាស៊ីន រៀនធ្វើផ្ទះ រៀនឈូសឈើ រៀនធ្វើតុ ជាង ធ្វើកៅអីជាដើម ។ល។

សម្ដេចបានគូសបញ្ជាក់ថា យើងត្រូវអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលយើង  របស់គណបក្សប្រជាជនយើង គឺត្រូវខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង នេះគឺជាគោលដៅរបស់យើង គឺជានយោបាយរបស់រាជរដ្ឋាភិបាលយើង ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print