ភ្នំពេញ ៖ ថ្មីៗនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌ មានពីការចុះឈ្មោះកីឡាករ កីឡាការិនី កម្ពុជាដែលត្រូវចេញទៅប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងរីយូ៉ ប្រទេសប្រេស៊ីល នាខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា កម្ពុជាបានបញ្ជូនលោក ញ៉ាណ សុវិសាល ដែលជាមន្ត្រីសម្របសម្រួលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទៅប្រទេសថៃ ដើម្បីចុះឈ្មោះបឋមពីសមាសភាពអត្ត ពលិករបស់កម្ពុជាក្នុងការចូលរួមប្រកួត កីឡាអូឡាំពិកនៅប្រស៊ីលរួចហើយ ។
លោកបញ្ជាក់ថា អត្តពលិកកម្ពុជាទាំង ៥នាក់នោះមានដូចជាប្រភេទកីឡាតេក្វាន់ ដូកីឡាការិនី ស៊ន សៀវម៉ី ដែលបានឈ្នះ ក្នុងការប្រកួតវគ្គជម្រុះកីឡាអូឡាំពិកទទួលបានសិទ្ធិពេញលេញហើយកម្ពុជាក៏បាន បញ្ជូនកីឡាការិនី ស៊ន សៀវម៉ី ចេញទៅ ហ្វឹកហាត់រយៈពេល៧០ថ្ងៃនៅសាធារណរដ្ឋកូរ៉េ បន្ថែមទៀតផងដែរ ។
ប្រភេទកីឡាហែលទឹកមាន២នាក់គឺ កីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទិនី អ្នកទាំង២កំពុងហ្វឹកហាត់នៅក្រៅ ប្រទេសដូចគ្នា ។ ដោយឡែកកីឡាការិនី ហែមថុន វិទិនី នឹងត្រឡប់មកប្រទេស វិញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រភេទកីឡាអត្តពលកម្មមាន២នាក់ គឺកីឡាការិនី លី ណារី សព្វថ្ងៃកំពុងហ្វឹកហាត់នៅប្រទេសកេនយ៉ា និងកីឡាករ ជប៉ុនសញ្ជាតិខ្មែរលោក NEKO ពួកគេ លេងលើវិញ្ញាសាម៉ារ៉ាតុង(៤២គីឡូម៉ែត្រនិង១៩៥ម៉ែត្រ) ។
លោក វ៉ាត់ ចំរើន បានលើកឡើងថា នៅក្នុងចំណោមអត្តពលិកកម្ពុជាដែល ត្រៀមចេញទៅប្រកួតកីឡាអូឡាំពិកនាឆ្នាំ នេះកីឡាការិនីលី ណារី ជាស្រ្តីខ្មែរតែម្នាក់គត់ផ្នែកវិញ្ញាសារត់ម៉ារ៉ាតុងចម្ងាយឆ្ងាយហើយមានថិរវេលាក្រោម៣ម៉ោងនោះ។ ប្រភេទកីឡាចំបាប់កីឡាការិនី ចូវ សុធារ៉ា ក៏ទទួលបានសិទ្ធិឲ្យចូលរួមការប្រកួត កីឡាអូឡាំពិកនៅទីក្រុងរីយ៉ូផងដែរ៕
ដោយ៖ សារីម