ភ្នំពេញ ៖ លោក ធុយ គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារត្រូវបានសាលាដំបូងខេត្តព្រះវិហារផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំតែទោសនេះត្រូវព្យួរទាំងស្រុងពីបទរំលោភអំណាចតាមមាត្រា៣៥ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការដោះលែងជនត្រូវចោទ២នាក់ ជាថ្នូរនឹងប្រាក់តម្កល់ចំនួន៦លានរៀល ។
សាលក្រមនេះត្រូវបានលោក ធុយ គឹមហ៊ឹង ទទួលយកដោយពុំប្ដឹងឧទ្ធរណ៍ នោះទេ តែលោក លី លន់ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តព្រះវិហារបានប្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមនេះត្រង់សេចក្ដី សម្រេចទាំងមូល ។ បណ្ដឹងឧទ្ធរណ៍នេះ ត្រូវបានសាលាឧទ្ធរណ៍ចាត់ការតាមនីតិ វិធីជាបន្តបន្ទាប់រហូតឈានដល់ការបើកសវនាការសាជាថ្មីកាលពីព្រឹកថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៦ ។
លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានថ្លែង ក្នុងសវនាការថា លោក ធុយ គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ បាន ដោះលែងជនត្រូវចោទ២នាក់ឲ្យមានសេរីភាពឡើងវិញជាថ្នូរនឹងប្រាក់តម្កល់ចំនួន ៦លានរៀល ។
លោកចៅក្រមបញ្ជាក់ថា ការដោះលែង ជនត្រូវចោទទាំង២នាក់ជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរដែលនេះជាបទល្មើស រំលោភអំណាចមានចែងតាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ មូល ហេតុនៃការដោះលែងជនត្រូវចោទទាំង២នាក់នេះត្រូវបានលោកចៅក្រមដកស្រង់ ចម្លើយរបស់លោក ធុយ គឹមហ៊ឹង មក បញ្ជាក់ថា ព្រោះថ្ងៃដោះលែងនោះចំថ្ងៃ ចូលឆ្នាំចិន ហើយចៅក្រមស៊ើបសួរបាន មករាជធានីភ្នំពេញ ។
ពាក់ព័ន្ធការដាក់ពាក្យប្ដឹងឧទ្ធរណ៍នេះ សាលាឧទ្ធរណ៍បានសួរដេញដោលទៅលើទម្រង់ច្បាប់នៃពាក្យបណ្ដឹងឧទ្ធរណ៍ ដែលលើសរយៈពេល៤ថ្ងៃ ពោលគឺច្បាប់បានកំណត់ឲ្យព្រះរាជអាជ្ញាប្ដឹងឧទ្ធរណ៍ រយៈពេល១ខែគិតចាប់ពីថ្ងៃប្រកាសសាលក្រម ។
មាត្រា៣៨១នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា ការប្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញាត្រូវតែធ្វើក្នុងរយៈពេល១ខែគិតពីពេល ប្រកាសសាលក្រម ។ មាត្រា៤០៤នៃក្រម នីតិវិធីព្រហ្មទណ្ឌចែងថា កាលណាសាលាឧទ្ធរណ៍យល់ឃើញថាបណ្ដឹងឧទ្ធរណ៍ធ្វើហួសពេលកំណត់ឬធ្វើក្នុងលក្ខខណ្ឌមិនត្រឹមត្រូវនោះសាលាឧទ្ធរណ៍ប្រកាសថា បណ្ដឹងឧទ្ធរណ៍មិនអាចទទួលយកបាន ។
ទោះបីយ៉ាងណាសាលាឧទ្ធរណ៍ពុំទាន់សម្រេចយ៉ាងណានៅឡើយទេដោយ លើកពេលប្រកាសសាលដីកានៅថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៦ខាងមុខនេះវិញ ៕
ដោយ៖ សីលា