ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ អគ្គិសនីកម្ពុជា បានឱ្យដឹងថា៖ នៅវេលាម៉ោង ០៨ និង៣២នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16) មូលហេតុបណ្តាលមកពីការដ្ឋានរបស់ក្រុមហ៊ុនឡេងណាវ៉ាត្រាប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីដាក់លូ ប៉ះបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បាក់ចំនួនមួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ផ្លូវចំការដូង សង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ ដោយ៖ស តារា