ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
ជាក់ស្ដែងអគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១០ និង១៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៩ (GS59-F1) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គោរកា និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (២) តំបន់កោះដាច់ សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (៣)តំបន់កោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែលនេះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP1664 និងបន្ទប់ភ្លើងលេខP290 ដើម្បីឲ្យក្រុមការងារបច្ចកទេសធ្វើការតម្លើងបរិក្ខារអគ្គិសនី ដក និងដាំបង្គោលខ្សែបណ្ដាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៣ និង៣០នាទីរសៀល។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ៖សហការី